អ្នកស្នេហាវិស័យកីឡា ជាពិសេសអ្នកគាំទ្របាល់ទាត់ រួមទាំងកីឡាករជាច្រើន បានសម្តែងការសោកសៅនៅលើបណ្តាញសង្គម ចំពោះឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន ដែលបានទទួលមរណៈភាព ដោយរោគាពាធ កាលពីព្រឹកមិញ។

ឃឹម បូរី អតីតខ្សែប្រយុទ្ធក្រុមភ្នំពេញក្រោន និងបច្ចុប្បន្នជាគ្រូបង្គោលក្រុមណាហ្គាវើលដ៏ បានបង្ហោះសារថា៖ “ខ្ញុំពិតជាមានអារម្មណ៍តក់ស្លុតខ្លាំងមែនទែន ដោយទទួលដំណឹងថា លោកឧកញ៉ា ឬទ្ធី សំណាង បានទទួលមរណៈភាព ក្នុងនាមខ្ញុំបាទជាអតីតកីឡាករបាល់ទាត់ភ្នំពេញក្រោន ខ្ញុំបាទសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង។ គាត់ជាមេដ៏ល្អ តែងតែជួយជ្រោមជ្រែងមនុស្សជុំវិញខ្លួន ជាស្វាមី ជាឪពុក និងជាបុគ្គលដ៍គំរូ វាជាការបាត់បង់ដ៏ធំមួយ សម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា យើងបានបាត់បង់បុរសដ៏អស្ចារ្យម្នាក់ ដែលបានបណ្តុះបណ្តាលបាល់ទាត់ដល់យុវជនកម្ពុជាជាច្រើន។ មួយជីវិតរបស់គាត់បានចំណាយពេលវេលាជាច្រើនជាមួយបាល់ទាត់។ សូមវិញ្ញានក្ខន្ធលោកឧកញ៉ា ឬទ្ធី សំណាង បានទៅដល់សុគតិភព”។

ចំណែកឯលោក ដួង ឆាយ ក៏បានបញ្ចេញមតិថា៖ “លារហូតហើយណាហ៊ា។ លាទាំងមិនបានលា។ លាទាំងអាល័យ។ សូមវិញ្ញាណក្ខន្ធហ៊ាទៅកាន់សុគតិភព និងកើតជាតិណាៗកុំអោយអាយុខ្លីដូចជាតិនេះទៀតណាហ៊ា។ គោរពស្រលាញ់ ឌួងឆាយ”។

ដោយឡែក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយបំផុតជាមួយដំណឹងមរណភាពរបស់ លោកឧកញ៉ា ឬទ្ធី សំណាង ដែលជាសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ការបាត់បង់លោកឧកញ៉ា ឬទ្ធី សំណាង គឺជាការបាត់បង់នូវឥស្សរជនមួយរូប ដែលតែងតែចូលរួមក្នុងសកម្មភាពនៃការអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជានាពេលកន្លងមក ជាមួយនឹងស្នាដៃ និងការលះបង់ដ៏ធំធេង។

លើសពីនេះ សម្រាប់ការប្រកួត ស៊ីហ្គេមលើកទី៣១ រវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិសិង្ហបុរី វេលាម៉ោង ០៤:០០នាទីរសៀលថ្ងៃនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចឱ្យកីឡាករជម្រើសជាតិកម្ពុជាទាំងអស់ ប្រើខ្សែដៃអាវខ្មៅ ដើម្បីកាន់ទុក្ខចំពោះមរណៈភាពរបស់ឧកញ៉ា ឬទ្ធី សំណាង ផងដែរ៕