ក្រុមហ៊ុនប្រេងឥន្ទនៈល្បីៗនៅប្រទេសកម្ពុជា គឺមានច្រើន ហើយក្នុងនោះមានក្រុមហ៊ុនប្រេងមួយចំនួនបានទិញសិទ្ធិចែកចាយលក់បន្តមកពីបរទេស ប៉ុន្តែក៏មានក្រុមហ៊ុនប្រេងឥន្ទនៈល្បីៗមួយចំនួនផងដែរ ដែលមានម្ចាស់ជាជនជាតិខ្មែរ និងជាឧកញ៉ា។ តើឧកញ៉ារូបណាខ្លះ ជាម្ចាស់ក្រុមហ៊ុនប្រេងឥន្ទនៈនៅកម្ពុជា?
១. អ្នកឧកញ៉ា សុខ គង់៖ អគ្គនាយកក្រុមហ៊ុន សុខ គង់ អាហរ័ណ នីហរ័ណ (សូគីមិច)

អ្នកឧកញ៉ា សុខ គង់ ជាអ្នកជោគជ័យក្នុងអាជីវកម្ម និងជាមហាសេដ្ឋីនៅស្រុកខ្មែរម្នាក់។ លោកឧកញ៉ាជាម្ចាស់ក្រុមហ៊ុនប្រេងសូគីម៉ិច គ្រុប, ជាម្ចាស់សណ្ឋាគារសុខា និងជាម្ចាស់គម្រោងអភិវឌ្ឍន៍ទីក្រុងបូកគោ។ ឧកញ៉ា សុខ គង់ បានបង្កើតក្រុមហ៊ុនប្រេងឥន្ទនៈសូគីមិច តាំងពីឆ្នាំ១៩៩០ ហើយបានទទួលជោគជ័យយ៉ាងធំធេង។ មកទល់បច្ចុប្បន្ន មានស្ថានីយ៍ប្រេងសូគីមិច ជិត២០០កន្លែង នៅទូទាំងប្រទេសកម្ពុជា។

២. អ្នកឧកញ៉ា ទ្រី ភាព ៖ អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប ក្រុមហ៊ុន ហើយ «ប៉ាប៉ា ភេត្រូលៀម (PAPA PETROLEUM Co.,Ltd)» ជាក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មី

អ្នកឧកញ៉ា ទ្រី ភាព ជាសេដ្ឋីមួយរូប ដែលបានអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ច និងដីកម្មសិទ្ធិរបស់ក្រុមហ៊ុន ក្រោមរូបភាពជាចម្ការដាំកសិ-ឧស្សាហកម្ម (កៅស៊ូ, ម្រេច) តំបន់រមណីយដ្ឋាន សំណង់ និងសេវាទំនិញ (ផែស្ងួត) ជាដើម។ ចំណែកឯ ប៉ាប៉ា ភេត្រូលៀម (PAPA PETROLEUM Co.,Ltd) ក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយរបស់លោកផងដែរ ដែលបានបង្កើតឡើងនៅឆ្នាំ២០១៦ ហើយបច្ចុប្បន្នមានស្ថានីយ៍ផ្គត់ផ្គង់ទីផ្សារប្រេងគ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។

៣. ឧកញ៉ា ឈុន អូន៖ ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុនប្រេងឥន្ទនៈតេលាកម្ពុជា

ឧកញ៉ា ឈុន អូន គឺឥស្សរជនឆ្នើមម្នាក់ដែលមានជំនាញខ្ពស់ទាំងផ្នែកគំនិត និងបច្ចេកទេសក្នុងការគ្រប់គ្រង។ លោកឧកញ៉ា បានបោះទុនវិនិយោគក្នុងវិស័យប្រេងឥន្ទនៈនេះអស់រយៈពេល ២៥ ឆ្នាំមកហើយ។ ក្រុមហ៊ុនកម្ពុជា តេលា គឺជាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ ដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលគិតមកទល់ពេលនេះ ក្រុមហ៊ុនមានសាខាចែកចាយបន្ត និងផ្ទាល់ខ្លួនដល់ទៅជិត ២០០០ សាខាទូទាំងប្រទេស។
