អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវ ដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគលើវិស័យដឹកជញ្ជូនពីប្រទេសចិន ឆ្លងកាត់ប្រទេសឡាវ មកកម្ពុជា។
តាមរយៈបណ្តាញសង្គមហ្វសប៊ុក កាលពីថ្ងៃទី១៦ ខែឧសភាព ឆ្នាំ២០២២ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានឲ្យដឹងថា «នាពេលកន្លងទៅ ខ្ញុំនឹងសហការី បានធ្វើដំណើរទៅសាធារណរដ្ឋប្រជាមានិតឡាវ រយៈពេល៣ថ្ងៃ ដើម្បីសិក្សាស្វែងយល់ពី ឱកាសវិនិយោគលើវិស័យដឹកជញ្ជូនពីសាធារណៈរដ្ឋប្រជាមានិតចិន ឆ្លងកាត់ប្រទេសឡាវ មកព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីប្រទេសឡាវ បានបើកឲ្យដំណើរការ រថភ្លើងល្បឿនលឿន តភ្ជាប់ពីប្រទេសចិន»។
មិនតែប៉ុណ្ណោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ទៀតថា លោក និងសហការី ពិតជាមានកិត្តិយសដែលបានជួបពិភាក្សាការងារ និងសម្ដែងការគួរសមជាច្រើនម៉ោងជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីទី១ទទួលបន្ទុកសេដ្ឋកិច្ច វិនិយោគទុន និងឯកឧត្តម រដ្ឋមន្ត្រីការពារជាតិឡាវ និងថ្នាក់ដឹកនាំមួយចំនួនទៀត។ជាមួយគ្នានោះ អ្នកឧកញ៉ា ក៏សូមគោរពថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតឡាវដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅផងដែរ។
គួររម្លឹកដែរថា កាលពីពេលចុងឆ្នាំ២០២១កន្លងទៅ ប្រទេសឡាវ បានសម្ពោធដាក់អោយដំណើរការផ្លូវរថភ្លើងល្បឿនលឿនដែលតភ្ជាប់ពីប្រទេសចិន ទៅប្រទេសឡាវ។ផ្លូវរថភ្លើងល្បឿនលឿនដែលតភ្ជាប់ពីប្រទេសចិន បានសាងសង់ប្រើអស់់រយៈពេល៥ឆ្នាំ ដោយប្រើប្រាស់វិស្វកម្ម និងកម្លាំងពលកម្មរបស់ចិន ក្នុងតម្លៃសរុបប្រមាណ៩ពាន់លានដុល្លារអាមេរិក ដែលជាផ្លូវដែកប្រវែង១០០០ គីឡូម៉ែត្រពីទីក្រុងគុនមីង ក្នុងខេត្តយូណាន របស់ប្រទេសចិនទៅកាន់ រដ្ឋធានីវៀងចន្ទន៍ របស់ឡាវដែល កាត់ជ្រលងភ្នំ ផ្លូវរូងក្រោមដី និងស្ពានរាប់សិប។
ផ្លូវរថភ្លើងគុនមីង-វៀងចន្ទ (Kunming-Vientiane) គឺជាតំណភ្ជាប់មួយក្នុងបណ្ដាញអនាគតដែលអាចតភ្ជាប់ប្រទេសចិនជាមួយប្រទេសថៃ វៀតណាម ភូមា ម៉ាឡេស៊ី និងសិង្ហបុរី។ មិនតែប៉ុណ្ណោះ នឹងផ្តល់ឱ្យដែនដីភាគខាងត្បូងប្រទេសចិន នូវលទ្ធភាពភ្ជាប់ទៅនឹងកំពង់ផែសមុទ្ររបស់ប្រទេសជិតខាងក្នុងតំបន់ថែមទៀត។
ការដាក់បើកឲ្យដំណើរការរថភ្លើងល្បឿនលឿនដែលតភ្ជាប់ពីប្រទេសចិននេះហើយ បានកំពុងជំរុញឲ្យមានការចាប់អារម្មណ៍ពីអ្នកជំនួញ និងអ្នកធុរកិច្ចធំៗមកសិក្សាស្វេងយល់ពីឪកាសវិនិយោគ៕