ឧកញ៉ា ឈឹម បញ្ញា អ្នកជំនួញផ្នែកអចលនទ្រព្យវ័យក្មេង និងជាស្ថានិក បុរី ច័ន្ទខាស់សល បានរៀបអាពាហ៍ពិពាហ៍ ជាមួយនឹងគូស្នេហ៍លោកជំទាវ ឈ លីជូ កាលពីថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០២២។
មង្គលការដ៏ធំឱឡារឹកនេះ មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា បងប្អូន ញាតិមិត្ត និងដៃគូអាជីវកម្មរបស់ ឧកញ៉ា ឈឹម បញ្ញា យ៉ាងច្រើនផងដែរ។
តាមរយៈទំព័រហ្វេសប៊ុកលោកជំទាវ ឈ លីជូ បានបង្ហោះសារដ៏មានអត្ថន័យយ៉ាងដូច្នេះថា៖ “ចិញ្ចៀនក៏ទទួលបាន ផ្កាស្លាក៏ទទួលបានហើយ ចាស់ទុំក៏ដឹងលឺហើយ ជាកូនស្រី កូនខ្មែរ មានប្រពៃណីល្អប្រពៃ ពេលនេះកូនស្រីបានបំពេញភារកិច្ចរក្សាកិត្តិយសដល់គ្រួសារ ទោះប្រទេសជឿនលឿនយ៉ាងណា តែកុំអោយហួសព្រំដែននៃកិត្តិយសវង្សត្រកូល បើមនុស្សប្រុសគេស្រលាញ់អ្នក គេនិងរក្សាតម្លៃ លើកតម្លៃអ្នក និងគ្រួសារ”។
ទន្ទឹមនឹងនោះ ក្រោយចប់កម្មវិធី ឧកញ៉ា ឈឹម បញ្ញា បានបង្ហោះសារថ្លែងអំណរគុណនៅលើទំព័រហ្វេកប៊ុកថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី បងប្អូន ញាតិមិត្ត ដៃគូអាជីវកម្មទាំងអស់ដែលបានចំណាយពេលវេលា និងផ្ដល់ជាកិត្តិយសដើម្បីចូលរួមអាពាហ៍ពិពាហ៍របស់យើងខ្ញុំកាលពីម្សិលមិញនេះ ១៤ ឧសភា ២០២២។
លោកឧកញ៉ាថ្លែងថា ខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារទាំងសងខាង សូមគោរពប្រសិទ្ធពរជ័យសិរីមង្គលដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី សូមឲ្យរកស៊ីទទួលទានមានបាន សុខភាពល្អមាំមួន និងជោគជ័យគ្រប់ភារកិច្ច៕