ពាណិជ្ជករល្បីឈ្មោះដ៏មានឥទ្ធិពលម្នាក់នៅខេត្តសៀមរាប ឧកញ៉ា សៀង ណាំ ជាអ្នករកស៊ីជោគជ័យមួយរូបដែលស្ថិតក្នុងចំណោមអ្នកជំនួញគ្រាក់ៗមានអំណាចនៅកម្ពុជា។ លោកមានមុខជំនួញប្រាក់ពាន់លានជាច្រើនកន្លែងនៅទឹកដីខេត្តសៀមរាប ដូចជាបុរីលំនៅដ្ឋាន សណ្ឌាគារលំដាប់ផ្កាយ ហើយក៏ជាសប្បុរសជនដែលតែងតែចេញមុខជួយឧបត្ថម្ភសាងសង់ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តជាច្រើនទៀត។
ឧកញ៉ាសៀង ណាំ ក្រៅពីមានតំណែងជាអ្នកតំណាងរាស្ដ្រ និងជាសមាជិករដ្ឋសភាជាតិ លោកក៏ជាម្ចាស់សណ្ឋាគារស៊ីធីអង្គរដ៏ស្កឹមស្កៃនៅកណ្ដាលក្រុងសៀមរាប និងមានដីបុរីចំនួនពីរ គឺបុរីសៀងណាំ១ និងបុរីសៀងណាំ២ ហើយថ្មីៗនេះលោកកំពុងចាប់ផ្តើមបើកគម្រោងថ្មីមួយចំនួនទៀត។
ឧកញ៉ា សៀង ណាំ ក៏ធ្លាប់ទទួលបានគ្រឿងឥស្សរិយយសរបស់ជប៉ុន “The Order of the Rising Sun, Gold Rays with Neck Ribbon” ក្នុងសក្ខីភាពដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏វិសេសវិសាស ក្នុងការរឹតចំនងមិត្តភាពរវាង ជប៉ុននិងកម្ពុជា។
តើឧកញ៉ា សៀង ណាំ មានដន្លងជាមួយគ្រួសារអភិជន និងឥស្សរជនរូបណាខ្លះ?
ប្រភពព័ត៌មានពីទីក្រុងបាងកកបានឱ្យដឹងថា កូនស្រីពៅរបស់លោក ស៊ុមឆាយ វង្សសាវ៉ាត អតីតនាយករដ្ឋមន្ត្រីថៃ និងត្រូវជាក្មួយបង្កើតរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ បានរៀបអាពាហ៍ពិពាហ៍ជាមួយកូនប្រុសឧកញ៉ា សៀង ណាំ នៅសណ្ឋាគារលំដាប់ផ្កាយ៥ផ្លាហ្សា អាតធីនី រ៉ូយ៉ាល់ មេរីឌៀនក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីឆ្នាំ២០១៣។
ចំពោះភ្ញៀវកិត្ដិយសដែលចូលរួមក្នុងពិធីរៀបអាពាហ៍ពិអាហ៍ដ៏ឱឡារិកនៅក្នុងប្រទេសថៃ ដោយភាគីថៃរួមមាន មន្ដ្រីជាន់ខ្ពស់ជាច្រើនរូប ដូចជា រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ,រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ,មេបញ្ជាការប៉ូលិសជាតិ និងរដ្ឋមន្ដ្រីក្រសួងការបរទេស រួមទាំងកូនប្រុស-ស្រីរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ផងដែរ។
ដោយឡែកសម្រាប់ភាគីកម្ពុជា ក្រៅពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការពារជាតិ ក៏មានមន្ដ្រីជាន់ខ្ពស់មួយចំនួនទៀត ក៏មានលោក ហ៊ុន ម៉ានី ជាកូនប្រុសរបស់សម្ដេចតេជោ ហ៊ុន សែន ចូលរួមផងដែរក្រោមការរក្សាសន្ដិសុខយ៉ាងតឹងរ៉ឹង ។
យោងតាមប្រភពពីអ្នកជិតស្និទ្ធជាមួយឧកញ៉ាសៀង ណាំ បានបង្ហើបឱ្យដឹងថា កូនប្រុសរបស់ឧកញ៉ាសៀង ណាំ ដែលរៀបមង្គលការជាមួយកូនស្រីពៅរបស់ គ្រួសារលោកស៊ុមឆាយ និងជាក្មួយស្រីលោកថាក់ ស៊ីនសីណាវ៉ាត្រានោះមានឈ្មោះ ណាំ លីណាល់ គឺជាកូនទី២ និងជាកូនប្រុសតែមួយក្នុងចំណោមកូនបីនាក់របស់លោក។
កូនប្រុសឧកញ៉ា សៀង ណាំ និងលោកជំទាវ អ៊ុន វុនលី ជាមន្ដ្រីនៅក្រសួងអភិវឌ្ឍន៍ជនបទនៃព្រះរាជាណាចក្រកម្ពុជា ។ ចំណែកកូនក្រមុំបម្រើការងារផ្នែកព្រះរាជអាជ្ញានៅទីក្រុងបាងកក ។ នាងក៏ជាអ្នកចម្រៀងល្បីឈ្មោះម្នាក់ដែរ តែមិនចាប់អាជីពស្ថិតនៅក្នុងវង់តន្ដ្រីរបស់នាងផ្ទាល់ គឺវង់តន្ដ្រី«ហ្វាយអីុនធើរធេនមែន» ហើយបានចេញអាល់ប៊ុមចម្រៀងជាច្រើនដូចជា «ឈើរីស៊ីគ្រេតស៊ី»ជាដើមដែលសុទ្ធសឹងជាបទពេញនិយមនៅប្រទេសថៃ។
ឧកញ៉ាសៀង ណាំ មានកូនបីនាក់ កូនច្បងស្រី ឈ្មោះណាំ លីណែត បានរៀបការជាមួយលោកទា កុសល ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងមានកូនបីនាក់ ។ កូនទីពីរឈ្មោះ ណាំ លីណាល់ ដែលរៀបការជាមួយកូនស្រីលោកអតីតនាយករដ្ឋមន្ដ្រីថៃ និងកូនស្រីពៅឈ្មោះណាំ លីណា រៀបការជាមួយកូនប្រុសលោកឧបនាយករដ្ឋមន្ដ្រីយឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ចាម៕