អ្នកជំនាញអចលនទ្រព្យ បានបង្ហាញសុទិដ្ឋិយមខ្ពស់លើតំបន់សក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍ចំនួន ៣តំបន់សម្រាប់ធ្វើការវិនិយោគវិស័យអចលនទ្រព្យ ក្រោយបិទបញ្ចប់វិបត្តិកូវីដ-១៩ ស្របពេលរដ្ឋាភិបាលបើកដំណើរការសង្គមសេដ្ឋកិច្ចយ៉ាងពេញលេញរួចទៅហើយ។
ឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បានលើកឡើងថា ស្ថានភាពជំងឺកូវីដ-១៩ បច្ចុប្បន្ននេះបានធូរស្បើយច្រើន ហើយសកម្មភាពសេដ្ឋកិច្ចសង្គមចាប់ផ្តើមងើបឡើងវិញបណ្តើរៗ ខណៈពលរដ្ឋទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ ស្ទើគ្រប់គ្នានៅកម្ពុជា។ ដូច្នេះលោកថា ក្រៅពីរាជធានីភ្នំពេញដែលកំពុងអភិវឌ្ឍន៍ហើយនោះ ក៏មានខេត្តមួយចំនួនក្នុងវិស័យអចលនទ្រព្យចាប់ផ្តើមមានសកម្មភាពឡើងវិញ ដូចជាខេត្តសៀមរាប កំពង់ស្ពឺ កំពត ព្រះសីហនុ តាកែវ កំពង់ឆ្នាំ បាត់ដំបង និងខេត្តមណ្ឌលគិរីជាដើម។

តែយ៉ាងណាអ្នកជំនាញរូបនេះ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះតំបន់ចំនួន ៣ សម្រាប់អ្នកមានលុយគួរបោះទុនវិនិយោគលើអចលនទ្រព្យ ក្រោយវិបត្តិជំងឺកូវីដ-១៩ គឺខេត្តសៀមរាប កំពត និងមណ្ឌលគិរី។ ការណ៍នេះលោកឧកញ៉ាបានអះអាងថា ខេត្តចំនួន ៣នេះ មានសក្តានុពលខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ រួចមកហើយទាំងទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិ ទេសចរណ៍អរូបី ទេសចរណ៍កែច្នៃ និងទេសចរណ៍ជំនួញ។
អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជារូបនេះ បានគូសបញ្ជាក់សំអាងទៅលើរដ្ឋាភិបាល កម្ពុជា បានដាក់គោលដៅអភិវឌ្ឍប៉ូលសេដ្ឋកិច្ច៤កន្លែង ដើម្បីរៀបចំផែនការ និងចក្ខុវិស័យសមស្របតាម ស្ថានភាពភូមិសាស្រ្ត ក៏ដូចជាសក្តានុពល ដើម្បីរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច។ តំបន់ប៉ូលសេដ្ឋកិច្ច ទាំង ៤កន្លែងនោះគឺរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងភូមិភាគឦសាន។

លោកបញ្ជាក់ថា ខេត្តព្រះសីហនុ ពិបាកនឹងវិនិយោគដោយសារតែយើងត្រូវការទុនច្រើន ព្រោះអចលនទ្រព្យនៅតំបន់នោះមានតម្លៃខ្ពស់ ហើយនឹងបន្តកើនឡើងតម្លៃបន្ថែមទៀតក្រោយចប់កូវីដ-១៩ ខណៈដែលខេត្តព្រះសីហនុមានវិនិយោគិនចិនមកបណ្តាក់ទុនក្នុងពហុវិស័យ។ ប៉ុន្តែសម្រាប់ខេត្តសៀមរាប កំពត និងមណ្ឌលគិរី ជាខេត្តមួយដែលកំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិផងដែរ។

លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលបានបញ្ចេញថវិកាពិសេសលើគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនៅទីក្រុង សៀមរាប ដែលសម្ពោធដាក់ឲ្យដំណើរការពេលថ្មីៗនេះ នឹងធ្វើឱ្យទីក្រុង អតីតរាជធានី អាយុ កាល ជាង ១០០០ ឆ្នាំនេះ ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ដែល មាន ហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា ដែលនឹង ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

ដោយឡែក សម្រាប់តំបន់ភូមិភាគឥសាន្ត (ខេត្តមណ្ឌលគីរី និងរតនគីរី) នេះ នឹងក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់របស់ប្រទេស ដែល នឹងមានការអភិវឌ្ឍន៍ទៅទាំងសំណុំ មានកសិឧស្សាហកម្ម កសិទេសចរណ៍ និងវិស័យផ្សេងទៀត ដើម្បីសម្រេចចក្ខុវិស័យធ្វើឱ្យខេត្តមណ្ឌលគិរី និងតំបន់ភូមិភាគឦសាន្តទាំងមូល ឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងនិរន្តរភាព ពិសេសគឺជាគោលដៅអេកូទេសចរណ៍ចម្បងរបស់ប្រទេសជាតិ។ លោកឧកញ៉ាបញ្ជាក់បន្ថែម៕
