ឧកញ៉ា គួច ផេង អនុប្រធានប្រតិបត្តិនៃសភាយុវពាណិជ្ជករអន្តរជាតិ ថ្នាក់សកល បានបង្ហាញនូវការប្តេជ្ញាយ៉ាងមុតមាំ ក្នុងការដេញថ្លៃយកឲ្យបាននូវភាពជា “ម្ចាស់ផ្ទះ រៀបចំមហាសន្និបាតអាស៊ីប៉ាស៊ីភិច ឆ្នាំ២០២៤ (2024 JCI Asia and the Pacific Conference)” ខាងមុខនេះ។ លោកថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី១៨ ខែឧសភាម្សិលមិញ។

កញ្ញា អប់ លីគន្ធ ប្រធានដឹកនាំការដេញថ្លៃ បានបញ្ជាក់ថា មហាសន្និបាតនេះ នឹងនាំមកនូវប្រតិភូអន្តរជាតិ ដែលសុទ្ធសឹងជា វិនិយោគិន ពីជាង៦០ប្រទេស ប្រមាណ៣ពាន់នាក់ ចូលមកប្រជុំនៅខេត្តសៀមរាប រយៈពេល ៣យប់ ៤ថ្ងៃ។ បើតាមកញ្ញា កម្ពុជា បានខកខានក្នុងការធ្វើជាម្ចាស់ផ្ទះនេះម្តងរួចមកហើយ កាលពីឆ្នាំ២០២០កន្លងទៅនេះ ដោយសារវិបត្តិកូវីដ១៩ផ្ទុះឡើង។ ហើយក៏ជាការគួរឲ្យសោកស្តាយបំផុត ដែលពេលនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកក៏បានផ្តល់នូវមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ ចូលរួមជាអធិបតីក្នុងកម្មវិធីបើកមហាសន្និបាតទៀតផង។

ទន្ទឹមនឹងនោះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់នូវការគាំទ្រជាគោលការណ៍ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សាភិបាល នៃគណៈកម្មការរៀបចំមហាសន្និបាតអាស៊ីប៉ាស៊ីភិច នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia ASPAC Board Committee) ក្នុងការយកឲ្យបាននូវភាពជាម្ចាស់ផ្ទះនេះ។
លោកថ្លែងថា ក្នុងករណីយើងទទួលជោគជ័យជាផ្លូវការ នោះ ស.ស.យ.ក នឹងស្វាគមន៍ជានិច្ច ក្នុងការបង្កើតក្រុមការងារពិភាក្សាលម្អិត ពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំង២ ដើម្បីធានាឲ្យបាន នូវគុណភាព ព្រមទាំងភាពរលូននៃបដិសណ្ឋារកិច្ច ចំពោះប្រតិភូអន្តរជាតិទាំងអស់ ដែលចូលមកកាន់ទឹកដីខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជាយើង។

លោកក៏បានសង្កត់ធ្ងន់ផងដែរនូវទិដ្ឋភាពជារួម ដែលកម្ពុជា ហាក់ត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលរៀបចំព្រឹទ្ធិការណ៍ធំៗ ដោយសារការអភិវឌ្ឍន៍ធនធានមនុស្ស មានសមត្ថភាពកាន់តែសម្បូរណ៍បែប និងការបំផុសនូវស្មារតី “ខ្មែរធ្វើបាន” ដែលជម្រុញឲ្យយុវជនកម្ពុជា មានភាពសកម្មក្នុងការលើកស្ទួយមុខមាត់ប្រទេសជាតិ។
