Ezecom ជាក្រុមហ៊ុនខ្មែរ ១០០% ដែលម្ចាស់ក្រុមហ៊ុនគឺ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group។ Ezecom បានបង្កើតជាផ្លូវការនៅឆ្នាំ២០០៨ ជាមួយគ្រឹះដ៏រឹងមាំក្នុងការសាងសង់នូវប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រម៉ាឡេស៊ី-កម្ពុជា-ថៃ និងបណ្ដាញខ្សែកាប្លិ៍បាតសមុទ្រ Asian American Gateway ដែលតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក និងកាត់បន្ថយថ្លៃអ៊ិនធឺណិតសម្រាប់អ្នកប្រើប្រាស់រាប់លាននាក់នៅកម្ពុជា។

ក្រុមហ៊ុនមួយនេះ មានបេសកម្មរបស់ខ្លួន ក្នុងការផ្តល់នូវសេវាអ៊ិនធឺណិតលំដាប់ខ្ពស់ និងបទពិសោធន៍ឌីជីថលឈានមុខ សមស្របតាមតម្រូវការជូនដល់ប្រជាជនកម្ពុជា។ Ezecom មានទស្សនៈវិស័យ ក្នុងការ “ក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្មឈានមុខគេ តាមរយៈការច្នៃប្រឌិតប្រកប ដោយនិរន្តរភាព និងការបង្កើតគុណតម្លៃសម្រាប់សហគមន៍”។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន បានមានប្រសាសន៍ ក្នុងឱកាសខួប១៤ឆ្នាំ នៃក្រុមហ៊ុន Ezecom កាលខែមីនា ឆ្នាំ២០២២ ថា៖ “យើងខ្ញុំតែងតែគាំទ្រដល់រាជរដ្ឋាភិបាល នៃរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា។ ខ្សែកាបបាតសមុទ្រ ម៉ាឡេស៊ី កម្ពុជា ថៃ គឺជាប្រព័ន្ធខ្សែកាបដំបូងរបស់កម្ពុជា ដែលតភ្ជាប់ប្រទេសកម្ពុជាទាំងមូលទៅកាន់ពិភពលោក”។

ក្នុងរយៈពេល១៤ឆ្នាំនៃប្រតិបត្តិការ ក្រុមហ៊ុន Ezecom តែងតែខិតខំប្រឹងប្រែងពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនអោយកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងជាពិសេសព្យាយាមក្នុងការពាំនាំមកនូវបច្ចេកវិទ្យាថ្មីៗនៅជុំវិញពិភពលោកមកផ្តល់ជួនអតិថិជនរបស់ខ្លួននៅកម្ពុជាបានប្រើប្រាស់ ដើម្បីជួយជម្រុញអោយអាជីវកម្មរបស់ពួកគេកាន់តែរីកចម្រើន ការងារកាន់តែរលូន និងចូលរួមចំណែកក្នុងការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថល។
លើសពីនេះ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ អ្នកឧកញ៉ា គិត ម៉េង បានទិញយកក្រុមហ៊ុន Opennet មកបញ្ចូលគ្នាជាមួយ Ezecom ដើម្បីពង្រីកវិសាលភាពកាន់តែធំថែមទៀត បន្ទាប់ពីក្រុមហ៊ុន King Technologies Co.,Ltd ដែលស្គាល់ជាទូទៅថាក្រុមហ៊ុនអ៊ិនធឺណិត Opennet ជំពាក់បំណុលរដ្ឋ។ នេះមានន័យថា អតិថិជនចាស់ទាំងអស់របស់ Opennet នឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុន Ezecom ដោយស្វ័យប្រវត្តិ៕