ឧកញ៉ា ភូ ពុយ ជាឈ្មួញអង្ករដ៏ល្បីល្បាញចាស់វស្សាម្នាក់នៅក្នុងប្រទេសកម្ពុជា ហើយក៏ជាអ្នករកស៊ីខាងស្រូវអង្ករដ៏សកម្មនៅក្នុងខេត្តបាត់ដំបង។ លោកជាអគ្គនាយកក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយ ដែលមានឈ្មោះថា ក្រុមហ៊ុន បៃតងកម្ពុជា (BAITANG KAMPUCHEA PLC)។
ក្រុមហ៊ុនរបស់លោកបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួនប្រមាណជាង ៤ម៉ឺនតោនក្នុងមួយឆ្នាំៗ។ ក្រៅពីរកស៊ីស្រូវអង្ករ ឧកញ៉ាដែលរស់នៅក្នុងខេត្តបាត់ដំបងរូបនេះ ក៏មានមុខជំនួញជាច្រើនក្នុងដៃផងដែរ។
លោកត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៥០៦/២៣២ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០០៦។
ឧកញ៉ា ភូ ពុយ ទីប្រឹក្សាប្រតិបត្តិសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអតីតក្រុមប្រឹក្សាភិបាលក្នុងអាណត្តិទី១នៃសហព័ន្ធស្រូវអង្ករកម្ពុជា ជាអតីតប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ខណៈបច្ចុប្បន្នតួនាទីនេះត្រូវបានដឹកនាំដោយកូនប្រុសរបស់លោក គឺឧកញ៉ា ភូ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានមណ្ឌលខេត្តបាត់ដំបង។
លោកក៏ជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង មកពីខាងគណបក្សប្រជាជនកម្ពុជា ដែលមានតួនាទីជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជួន ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា។
លើសពីនេះលោកក៏ជាប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានឥណទានពលរដ្ឋរុងរឿង និងជាអគ្គនាយកធនាគារស្រូវ ដែលពេលកន្លងទៅ បានឈ្នះលើការទិញឃ្លាំងស្តុកស្រូវ ដែលមានសមត្ថភាព ស្តុកបាន២០ម៉ឺនតោន និងឡសម្ងួតស្រូវ អាចសម្ងួតបាន៣០០០តោនក្នុងមួយថ្ងៃ នៅខេត្តបាត់ដំបង ដែលរាជរដ្ឋាភិបាល ដាក់ឲ្យដេញថ្លៃ តម្លៃប្រមាណ១០លានដុល្លារនោះ។
ឧកញ៉ា ភូ ពុយ ធ្លាប់បានរំពឹងថា ឃ្លាំងស្កុកស្រូវ និងឡសម្ងួតនេះ នឹងរួមចំណែកជួយដល់កសិករ ដែលជាអ្នកផលិតស្រូវ កុំឲ្យមានការរាំងស្ទះ ដូចពេលកន្លងទៅ និងក៏ជាការរួមចំណែក ដល់រោងម៉ាស៉ីនកិនស្រូវ និងអ្នកនាំចេញ ក្នុងការគាំទ្រគោលនយោបាយ នាំចេញអង្ករ១លានតោន របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕