ក្នុងដំណើរទស្សនកិច្ច និងធុរកិច្ចទៅសហរដ្ឋអាមេរិក អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា រំពឹងថានឹងមានការជម្រុញពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក ដោយពង្រីកទំហំពាណិជ្ជកម្ម និងស្នើសុំឱ្យភាគីអាមេរិកបន្តការអនុគ្រោះពន្ធ GSP រួមទាំងចង់ឱ្យប្រទេសទាំងពីរមានកិច្ចទំនាក់ទំនងផ្នែកសេដ្ឋកិច្ចកាន់តែប្រសើរ និងកាន់តែធំ។ នេះបើតាមឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងប្រាប់ឧកញ៉ាញូស៍។
ឧកញ៉ា លឹម ហេង បានបន្តថា ក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ស៊ីនតោន សហរដ្ឋអាមេរិក ចាត់ទុកថាជាជោគជ័យមួយដ៏ល្អសម្រាប់ពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា-អាមេរិក ព្រោះការនាំចេញរបស់កម្ពុជា ទៅកាន់អាមេរិក មានទំហំទឹកប្រាក់ធំ។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ានផង អ្នកឧកញ៉ា គិត ម៉េង ក៏បានលើកឡើងអំពីការទំនាក់ទំនងឱ្យកាន់តែល្អប្រសើរ ព្រោះតាំងពីពេលណាៗមក ទើបតែពេលនេះទេ ដែលសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសភាពាណិជ្ជអាមេរិក បានជួបគ្នា និងជាលើកទី១ ហើយនេះជាសញ្ញាមួយចាប់ផ្តើមពង្រីកទំហំពាណិជ្ជកម្មទ្វេរគីផងដែរ។
លោកឧកញ៉ា បានបន្ថែមថា៖ “ចំពោះការលើកឡើងពីការធ្វើកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់គ្នា (MOU) នោះ គឺថាខាងសភាពាណិជ្ជកម្មអាមេរិក ព្រមទទួលយក ដើម្បីយើងឈានដល់ការចុះហត្ថលេខានៅថ្ងៃណាមួយ ប៉ុន្តែអ្វីដែលសភាពាណិជ្ជកម្មយើងស្នើសុំនោះគឺថា ក្នុងនាមយើងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន អ្នកឧកញ៉ា គិត ម៉េង បានស្នើសុំអញ្ជើញភាគីអាមេរិកទៅកម្ពុជា នៅខែវិច្ឆិកា ដើម្បីចូលរួមប្រជុំការវិនិយោគអាស៊ាន ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ប៉ុន្តែគួរឱ្យស្តាយភាគីអាមេរិកពេលនោះ នឹងចំពេលរៀបចំបោះឆ្នោត ដូច្នេះប្រហែលពួកគាត់មិនបានមក តែគាត់គាំទ្រចំពោះការដឹកនាំរបស់ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន។
ទន្ទឹមនឹងនោះ ភាគីអាមេរិក ក៏បានចូលរួមអបអរសាទរផងដែរ ចំពោះកម្ពុជាដែលបានធ្វើជាប្រធានអាស៊ានជាលើកទី៣៕