អ្នកឧកញ៉ា គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានស្នើសុំឱ្យភ្ញៀវដែលចូលបរិភោគអាហារនៅតាមភោជនីយដ្ឋាននានា មេត្តាជួយឱ្យតម្លៃខ្ពស់ ចំពោះនិស្សិតដែលធ្វើការជាអ្នករត់តុ ព្រោះពួកគេទាំងនោះខិតខំធ្វើការបានប្រាក់ខែតិចតួច ដើម្បីសន្សំលុយទុកបង់ថ្លៃសាលារៀន។
អ្នកឧកញ៉ា បានបង្ហោះសារលើទំព័រហ្វេកប៊ុកថា និស្សិតខ្មែរយើងខ្លះហាក់អភ័ព្ទ ព្រោះដើម្បីបន្តរៀនសូត្រឱ្យដល់កម្រិតឧត្តមសិក្សា គេត្រូវបង្ខំចិត្តធ្វើការគ្រប់បែបយ៉ាង បំណងរកលុយបង់ថ្លៃសាលា។ ដូចយើងឃើញនឹងភ្នែកស្រាប់ហើយ បុគ្គលិកបម្រើសេវាម្ហូបអាហារ ភេសជ្ជៈតាមភោជនីយដ្ឋាន និងអាហារដ្ឋាននានា សុទ្ធសឹងតែជាកូនខ្មែរ ដែលជានិស្សិតរៀននៅមហាវិទ្យាល័យក្នុងឆ្នាំសិក្សាមូលដ្ឋាន។ អ៊ីចឹងពួកគេភាគច្រើនដែលមកពីជនបទ ត្រូវខិតខំសន្សំលុយជាប្រចាំ ដើម្បីត្រៀមបង់ថ្លៃសាលាតាមឆមាសនៃឆ្នាំសិក្សានីមួយៗ។
ប៉ុន្តែ នៅកាលៈទេសៈខ្លះ តើឱ្យគេសន្សំយ៉ាងម៉េចនឹងកើត បើថៅកែខ្លះផ្តល់បៀវត្សទាបជាងអតិផរណាទៅទៀតនោះ? ចំណែកភ្ញៀវមកញ៉ាំភាគច្រើន ក៏ពុំទាន់ទូលាយដៃនោះដែរ។ មែនទែនទៅ បើមិនឱ្យធីបលើកទឹកចិត្តពួកគេក៏ហីចុះ ស្រួលមិនស្រួល ខុសឆ្គងតិចតួចអត់លើកលែង ហើយប្រើសម្តីគំរោះគំរើយដាក់ពួកគេ រហូតថៅកែ បណ្តេញគេដេញចេញពីការងារក៏ថាបាន។ ត្រង់នេះ បើនៅស្រុកទេសអភិវឌ្ឍវិញ គេឱ្យតម្លៃនិស្សិតណាស់ ពិសេសបេក្ខជននិស្សិតដែលកំពុងធ្វើការដើម្បីរកលុយមករៀន។
អ្វីដែលគួរឱ្យស្រណោះទៅទៀតនោះ ដោយសារកង្វះមេត្តាធម៌នេះហើយ បានធ្វើឱ្យកូនខ្មែរមួយចំនួនធំបាក់ទឹកចិត្ត។ ម៉្លោះហើយ ដើម្បីជួយគ្នា ខ្ញុំយល់ថាផ្នត់គំនិតចង្អៀតចង្អល់ គួរតែត្រូវកែប្រែ។ អ្វីដែលសំខាន់បំផុតនោះ ត្រូវជួយគាំទ្រ ជួយរុញច្រាន និងបន្តផ្តល់កម្លាំងចិត្តដល់គ្នានឹងគ្នា។
បើយើងជាពលរដ្ឋ ដែលមានជីវភាពធូរធាមែនទែន ឬថាជាអ្នកមាន យើងអាចរកវិធីជួយ តាមវិធីផ្សេងៗដូចជា ចូលទទួលទានអាហារនៅហាងណា ដែលមានកូនសិស្សខ្មែរកំពុងធ្វើការ។ ជួយផ្តល់អាហាររូបករណ៍សប្បុរសធម៌ ជួយបង្កើតការងារឱ្យពួកគេ ឬបើមិនបានជួយអ្វីច្រើន កុំតែមើលងាយមើលថោក ឬបង្កើតឱ្យមានរូបភាពមួយ ដែលថា អ្នកមានមើលងាយអ្នកក្រ។ ជួសឱ្យមើលងាយជនជាតិដូចគ្នា យើងអាចហុចដៃឱ្យគេតោងឡើង ដើម្បីគេអាចបន្តហុចដៃជួយអ្នកក្រោយៗទៀត ដូចអ្វីដែលយើងបានធ្វើដាក់ពួកគេ៕