លោកជំទាវ សុក ស៊ីដា ដែលជាម្តាយរបស់ឧកញ៉ា ឫទ្ធី សំណាង បាននិយាយពាក្យមួយឃ្លា បន្ទាប់ពីក្រុមបាល់ទាត់ភ្នំពេញក្រោន ឈ្នះលើក្រុមវិសាខា ២-១ នៅវគ្គផ្តាច់ព្រ័ត្រ លើកពានលីគកំពូលកម្ពុជា Cambodian League Cup 2022 កាលពីយប់មិញ។

លោកជំទាវ បានមានប្រសាសន៍ថា៖ “អរគុណសម្រាប់អ្នកគាំទ្រ ក្រុមកីឡាករ និងថ្នាក់ដឹកនាំ គ្រូបង្វឹកទាំងអស់ ដែលបានប្រឹងប្រែងសម្រាប់ពានរង្វាន់មួយនេះ ហើយខ្ញុំជឿជាក់ថាកូនប្រុសខ្ញុំនឹងរីករាយជាមួយអ្នកទាំងអស់គ្នា”។ បន្ថែមពីនេះ សម្រាប់ក្លិបភ្នំពេញក្រោន ក៏សូមឧទ្ទិសពានរង្វាន់ដ៏អស្ចារ្យមួយនេះ ជូនដល់ដួងវិញ្ញាណខន្តលោកឧកញ៉ាផងដែរ។

គួររំឭកថា ឧកញ៉ា ឬទ្ធី សំណាង បានទទួលមរណៈភាព ត្រឹមវ័យ ៤១ឆ្នាំ កាលពីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដោយសារតែជំងឺរ៉ាំរ៉ៃជាយូរមកហើយ៕

