ធ្លាប់ឆ្លងកាត់បទពិសោធន៍បង្រៀនភាសាអង់គ្លេសក្រៅម៉ោងតាំងពីអាយុ ១៨ឆ្នាំ រហូតមកដល់ពេលនេះ សាស្ត្រាចារ្យបណ្ឌិត គីម ហ៊ាង នៅតែបន្តចំណាយពេលវេលាក្រៅម៉ោងរបស់ខ្លួនបណ្ដុះបណ្ដាលខាងអប់រំ។ ក្រៅពីមុខរបរក្នុងវ័យអចលនទ្រព្យ ក្នុងនាមជាមគ្គុទេសន៍ និងអ្នកជំនាញល្បីឈ្មោះ មានភ្នាក់ងារអចលនទ្រព្យទូទាំង ២៥ រាជធានី ខេត្ត-ក្រុង បច្ចុប្បន្នសាស្ត្រាចារ្យបណ្ឌិត គីម ហ៊ាង កំពុងបង្រៀននិស្សិតដែលជាបេក្ខជនបណ្ឌិត ចំនួន ២៩រូប លើមុខវិជ្ជា Brand Marketing & SMEs Strategy នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងទើបបញ្ចប់វគ្គនាថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២២នេះ។
តើមូលហេតុអ្វីបានជាពាណិជ្ជករ ក្នុងវិស័យអចលនទ្រព្យរូបនេះ នៅតែបន្តអាជីពក្រៅម៉ោងថ្ងៃចុងសប្តាហ៍ ជាសាស្ត្រាចារ្យដូច្នេះ?
បើតាមការពន្យល់ប្រាប់ Oknha news ឧកញ៉ា គីម ហ៊ាង ថា៖ “អាជីពគ្រូបង្រៀន ជាការងារដែលខ្ញុំស្រលាញ់ចូលចិត្ត និងប្រឡូកតាំងពីដំបូង តាំងពីអាយុ ១៨ឆ្នាំមកម៉្លេះ។ ប្រហែលជាខ្ញុំមានបេះដូង ជាគ្រូបង្រៀននេះហើយ ទើបជំរុញឱ្យខ្ញុំ នៅតែចំណាយពេលវេលាចុងសប្តាហ៍ មកចែករំលែកចំណេះដឹង និងបទពិសោធន៍ ដែលខ្ញុំមាន ទៅអ្នកជំនាន់ក្រោយ”។
បើតាមបទពិសោធន៍ក្នុងវិស័យអប់រំ និងបណ្ដុះបណ្ដាល ឧកញ៉ាសាស្ត្រាចារ្យបណ្ឌិត គីម ហ៊ាង បានប្រឡូកតាំងពីស្ថិតក្នុងភាពជាយុវវ័យមកម៉្លេះ ពោល គឺអាយុ ១៨ឆ្នាំ លោកធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស នៅឯស្រុកកំណើត ក្រុងបាវិត ខេត្តស្វាយរៀង។ ចូលដល់វ័យ ២៤ឆ្នាំ រហូតដល់ ៣៤ឆ្នាំ លោកធ្លាប់ធ្វើជាគ្រូបង្រៀននិស្សិតថ្នាក់បរិញ្ញាបត្រ នៅតាមសាកលវិទ្យាល័យនានា ទាំងរដ្ឋ និងឯកជននៅក្នុងរាជធានីភ្នំពេញ គ្រាដែលលោកបន្តយកចំណេះដឹងក្នុងអាជីពជាគ្រូបង្រៀន ដើម្បីចិញ្ចឹមជីវិត។
អំឡុងពេលជាង ១០ឆ្នាំ (ក្នុងចន្លោះវ័យពី អាយុ ២៤ឆ្នាំ-៣៤ឆ្នាំ) សាស្ត្រាចារ្យដែលមានប្រវត្តិស្ពាយកាតាបបង្ហាត់បង្រៀននិស្សិតតាមសាកលវិទ្យាល័យនៅភ្នំពេញរូបនេះ ក៏នៅតែបន្តច្បាមយកអាជីពជាបង្រៀននិស្សិតផង និងបន្តប្រឡូកក្នុងវិស័យអចលនទ្រព្យយ៉ាងសកម្មក្នុងប្រទេសកម្ពុជាផង។
ក្រៅពីអាជីពជាគ្រូបង្រៀន ឧកញ៉ាបណ្ឌិត គីម ហ៊ាង ក៏បានលូកជ្រៅក្នុងវិស័យអចលនទ្រព្យ រហូតក្លាយជាអភិវឌ្ឍន៍ជំនាញ អស់រយៈពេលជាង ១០ឆ្នាំ មកហើយដែរ។
តើក្រៅពីវិស័យអប់រំ សាស្ត្រាចារ្យបណ្ឌិត គីម ហ៊ាង មានតួនាទី និងគម្រោងអចលនទ្រព្យអ្វីខ្លះទៀត ក្នុងដៃ?
ឈរជើងលើវិថីជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលមានមហាជនទទួលស្គាល់ និងកត់ចំណាំយ៉ាងច្រើនផងនោះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង សព្វថ្ងៃ កំពុងក្ដោបក្ដាប់មុខជំនួញជាច្រើនក្នុងវិស័យនេះ រួមមាន៖ ម្ចាស់គម្រោងលំនៅឋានលំដាប់អភិជន បុរី វិមានសំណាង មានទីតាំអស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ, ជាម្ចាស់ គម្រោងបុរី KS Residence នៅកៀនស្វាយ, ជាអគ្គនាយកក្រុមហ៊ុន ខ្មែររៀលអ៊ីស្ទែត និងមានតួនាទីជាអ្នកគ្រប់គ្រងធំមួយទៀត គឺប្រធានស្ថាបនិក ក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ទូទាំងប្រទេសកម្ពុជាផងដែរ។
តើអតីតយុវជនមកពីខេត្តស្វាយរៀង និងធ្លាប់ស្នាក់នៅវត្តពេលឡើងមករៀននៅភ្នំពេញរូបនេះ ចូលចិត្តការកម្សាន្តអ្វី ក្រៅពីអាជីពជាអ្នកជំនាញអចលនទ្រព្យ?
ពេលទំនេរៗល្ងាចឡើង លោកតែងតែមានវត្តមាននៅតារាងបាល់ ជាមួយក្រុមបាល់ទាត់ឆ្នើមរបស់លោក នេះបើយោងតាមការចែកចាយលើបណ្ដាញសង្គមរបស់លោក ឧកញ៉ាបណ្ឌិត គីម ហ៊ាង ផ្ទាល់។ ក្លឹបបាល់ទាត់របស់លោក ឈ្មោះ Khmer United FC ដោយមានលោកឧកញ៉ា គីម ហ៊ាង ជាប្រធានក្លឹប ប្រធានក្រុម និងជាខ្សែប្រយុទ្ធ។ ជារៀងរាល់ឆ្នាំ ខ្សែប្រយុទ្ធដែលតែងតែរកគ្រាប់បាល់ស្ទើរគ្រប់ការប្រកួតជូនក្រុមរូបនេះ តែងតែកៀរគង រៀបចំឱ្យមានការប្រកួតក្នុងក្របខណ្ឌលើកពានមិត្តភាព និងពានរវាងក្រុមបាល់ទាត់ក្នុងវិស័យអចលនទ្រព្យនេះ។
កាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៀតនោះ Khmer United FC ក៏តែងតែប្រកាសទទួលប្រកួតបាល់ទាត់មិត្តភាពទូទាំងប្រទេសថែមទៀតផង៕