ឧកញ៉ា ម៉ន វណ្ណឌី ដែលស្គាល់ថាជាធុរៈជនវ័យក្មេងជោគជ័យម្នាក់នៅប្រទេសកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២នេះ បានចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅភូមិគ្រឹះសម្តេចនាទីក្រុងតាខ្មៅ ខេត្តកណ្តាល។ នេះបើតាមទំព័រហ្វេសបុករបស់លោកជំទាវ ទៀង ផល្លា នៅមុននេះបន្តិច។

តាមរយៈទំព័រហ្វេសបុកលោកជំទាវ ទៀង ផល្លា បានថ្លែងក្នុងន័យដើមយ៉ាងដូច្នេះថា៖ «ថ្ងៃនេះមានសំណាងណាស់ដែល សម្តេច ពុក អនុញាត្តិអោយចូលជួប ជូនពរសម្តេចពុក សុខភាពល្អ និងជោគជ័យគ្រប់ភារៈកិច្ច»។

ឧកញ៉ា ម៉ម វណ្ណឌី ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ សព្វព្រះរាជហរទ័យ ត្រាស់បង្គាប់ផ្តល់គោរមងារ«ឧកញ៉ា» នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។ ការផ្តល់គោរមងារឧកញ៉ា ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ លោកឧកញ៉ាក៏ត្រូវបានសម្តេចព្រះអភិសិរីសុគន្ឋាធិបតី បួរ គ្រី មហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ ទ្រង់ត្រាស់បញ្ញត្តិតែងតាំងជា «ឧត្តមទីប្រឹក្សាផ្ទាល់» បញត្តិគោរម្យ៍ងារ «ពុទ្ធលោកវិជ័យមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍»។
ទន្ទឹមនឹងនោះ ឧត្តមភរិយារបស់លោក គឺលោកជំទាវ ទៀង ផល្លា ម៉មវណ្ណឌី ក៏ត្រូវបានសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ត្រាស់បញ្ញត្តិតែងតាំងជា «ឧត្តមទីប្រឹក្សាផ្ទាល់» បញត្តិគោរម្យ៍ងារ «ផលបុញ្ញាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍» ផងដែរ៕