ពាណិជ្ជករវិនិយោគក្នុងពហុវិស័យម្នាក់ទៀតហើយ គឺឧកញ៉ា ម៉ម វណ្ណឌី ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» តាមព្រះរាជក្រឹត្យលេខ នស/រកត/០៦២២/៦១៨ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ។ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ទទួលបានងារឧកញ៉ា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ។ ថ្មីៗនេះ ធុរៈជនវ័យក្មេងជោគជ័យរូបនេះក៏បានចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅភូមិគ្រឹះសម្តេចនាទីក្រុងតាខ្មៅ ខេត្តកណ្តាលផងដែរ។

ទន្ទឹមនឹងនោះដែរ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ លោកឧកញ៉ាក៏ត្រូវបានសម្តេចព្រះអភិសិរីសុគន្ឋាធិបតី បួរ គ្រី មហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ ទ្រង់ត្រាស់បញ្ញត្តិតែងតាំងជា «ឧត្តមទីប្រឹក្សាផ្ទាល់» បញត្តិគោរម្យ៍ងារ «ពុទ្ធលោកវិជ័យមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍»។
លើសពីនេះ ឧត្តមភរិយារបស់លោក គឺលោកជំទាវ ទៀង ផល្លា ម៉មវណ្ណឌី ក៏ត្រូវបានសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ត្រាស់បញ្ញត្តិតែងតាំងជា «ឧត្តមទីប្រឹក្សាផ្ទាល់» បញត្តិគោរម្យ៍ងារ «ផលបុញ្ញាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍» ផងដែរ៕