ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet’s Group និង Skyland 7N កំពុងត្រៀមរៀបចំបង្កើតទីលានប្រណាំងរថយន្ត និងប្រណាំងម៉ូតូ ឱ្យទំនើបទាន់សម័យ ដូចបណ្តាប្រទេសជិតខាង។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ា នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃចន្ទ។

លោកឧកញ៉ា បានលើកឡើងថា លោកសូមវាយតម្លៃខ្ពស់ ទៅលើយុវជនជំនាន់ក្រោយនេះ ព្រោះឃើញថាមានការវិវឌ្ឍ ការកែច្នៃយានយន្ត ទោចក្រយានយន្ត បានល្អទៅតាមស្តង់ដារ ជំនាញ និងមានទីលានប្រកួតប្រជែងអោយបានត្រឹមត្រូវ ទៅលើចំណង់ចំណូលចិត្ត របស់យុវជនជំនាន់ក្រោយ លោកពិតជារំភើប និងមិនគួរឲ្យជឿ ថាយុវជនជំនាន់ក្រោយ អាចចូលរួមជាក្រុម ដើម្បីបង្ហាញពីសមត្ថភាពកែច្នៃ បានល្អខ្លាំង។ យុវជនជំនាន់ក្រោយ បានបោះជំហានទៅមុខជាបណ្តើរៗ ឲ្យទាន់ប្រទេសជិតខាង ទៅលើវិស័យកែច្នៃ យានយន្ត និងទោចក្រយានយន្តនេះ។

លោកបានបញ្ជាក់បន្ថែមថា៖ “វ័យរបស់ខ្ញុំរាប់ថយក្រោយ ១៩ឆ្នាំមុន គឺខ្ញុំស្រឡាញ់និងចូលចិត្ត ប៉ុន្តែការចូលរួម នៅមានកម្រិត យុវជននៅតិច ធ្វើឲ្យការបង្កើត ទីលានកន្លែងកែច្នៃ មិនអាចបើកដំណើរការបាន តែមកដល់បច្ចុប្បន្ននេះ ខ្ញុំនឹងចូលរួមជាមួយនឹងយុវជនជំនាន់ក្រោយ ប្អូនៗ បងៗទាំងអស់គ្នា ដើម្បីរៀបចំទីលាន ប្រណាំងយកល្បឿន លេងទ្រីប និងកន្លែងប្រណាំងឡាននិងម៉ូតូ ឲ្យបានលឿនបំផុត សម្រាប់ឆ្នាំក្រោយនេះ គឺអាចបើកដំណើរការបានសម្រាប់យុវវ័យជំនាន់ក្រោយ។ បញ្ជាក់ដោយមានការចូលរួមពីរយុវជនជំនាន់ក្រោយ ដែលជាកំលាំងចិត្ត និងប្អូនប្រុសពៅរបស់ខ្ញុំ”៕



