លោក ឡេននី វង់ ជនជាតិខ្មែរ-កាណាដា បានជាប់ឆ្នោតជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា សម្រាប់អាណត្តិទី១ លើកទី១។
លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដាបានឲ្យដឹងថា ការបោះឆ្នោតដំណើការប្រកបដោយរលូន និងស្របតាមនីតិវិធីដោយបានរៀបចំជា ២ដំណាក់កាល។ ដំណាក់កាលទី១ គឺការរៀបចំបោះឆ្នោតជ្រើសរើសសមាជិកការិយាល័យតំណាងចំនួន ៩ រូប និងដំណាក់ទី២ ការរៀបចំបោះឆ្នោតជ្រើសរើសប្រធានក្នុងចំណាមសមាជិកដែលបានជាប់ឆ្នោតចំនួន ៩រូប។
ជាលទ្ធផលក្នុងការបោះឆ្នោតគឺលោក ឡេននី វង់ ជាជនជាតិខ្មែរ-កាណាដា ដែលជាអគ្គនាយកក្រុមហ៊ុន Ocean Packers Inc ( Canada), TG Fishery Holdings Corporation ( Viet Nam) និង Canson Canada Investments (Canada) Ltd បានជាប់ឆ្នោតជាប្រធាន និង ៨ រូបផ្សេងទៀត ជាប់ជាសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា សម្រាប់អាណត្តិទី១ លើកទី១។
លោក ម៉ៅ ថូរ៉ា បានបន្តថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា ជាការិយាល័យតំណាងឱ្យសភាពាណិជ្ជកម្មកម្ពុជាទី១ ដែលមានស្នាក់ការនៅក្រៅប្រទេស។ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងតូរ៉ុនតូនេះ នឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការសម្របសម្រួលកិច្ចពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា ក៏ដូចជាជួយជំរុញ និងទាក់ទាញវិនិយោគិនកាណាដាមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើង៕