ឧកញ៉ា គីម ហ៊ាង៖គាំទ្ររដ្ឋាភិបាលដែលបើកភ្លើងខៀវឲ្យធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋខ្មែរនៅក្រៅស្រុក

ជុំវិញ​ឧកញ៉ា

ថ្លែងក្នុងសិក្ខាសាលាស្ដីពី “គ្មានព្រំដែនសម្រាប់អាជីវកម្មអចលនាទ្រព្យនៅកម្ពុជា ថៃ និងវៀតណាម” កាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះប្រសាសន៍របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្មីៗ បន្ទាប់ពីសម្ដេចបានណែនាំឲ្យសិក្សាធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋខ្មែរនៅរស់នៅក្រៅប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានចាត់ទុកថា ខ្មែរនៅក្រៅស្រុក គឺជាប្រភពទុនមួយដ៏សំខាន់ ក្នុងចំណោមប្រភពទុន ទាំង ៣ សម្រាប់ទាក់ទាញការវិនិយោគនៅកម្ពុជា ។

លោកឧកញ៉ា បានបញ្ជាក់ដូច្នេះថា «ខ្ញុំមើលឃើញថា អ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន កំពុងធ្វើការដ៏ត្រឹមត្រូវ យើងអាចប្រើពាក្យថា ការប្រមូលដើមទុនបន្ថែមចូលមកស្រុកខ្មែរយើង ។ ដូចខ្ញុំបាននិយាយច្រើនដងថា ដើមទុនដែលវិនិយោគទុនមកស្រុកខ្មែរយើងមាន ៣ប្រភព ទី១-ខ្មែរនៅស្រុកខ្មែរ ទី២-បរទេសដែលយកលុយមករកស៊ីនៅស្រុកខ្មែរ ដែលយើងកំពុងមើលឃើញច្រើន និងទី៣-គឺប្រភពទុនខ្មែរនៅក្រៅស្រុកនេះឯង»។

ជាងនេះ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យរូបនេះក៏លើកឡើងបន្តថា «ធម្មតា ខ្មែរនៅបរទេស ភាគច្រើន គាត់មានលុយ គាត់ចង់ទិញដីធ្លី វិនិយោគនៅស្រុកខ្មែរ ប៉ុន្ដែគាត់ទិញអត់បាន ដោយសារគាត់អត់ទាន់មានអត្តញសញ្ញាណបណ្ណ ។ អ៊ីចឹងអ្វីដែលសម្ដេចមានប្រសាសន៍ អំឡុងពេលសម្ដេចអញ្ជើញទៅអាមេរិក គឺអនុញ្ញាតឲ្យខ្មែរនៅអាមេរិក ក៏ដូចជារស់នៅបរទេស អាចធ្វើអត្តសញ្ញាណបណ្ណបាន ដើម្បីមកបោះឆ្នោត ។ នៅពេលដែលខ្មែរនៅបរទេសធ្វើអត្តសញ្ញាណប័ណ្ណបាន គាត់នឹងមានសិទ្ធទិញដីធ្លី ផ្ទះសម្បែងនៅស្រុកខ្មែរបាន ។ នេះគឺជាប្រភពទុនធំមួយទៀត ដែលចូលមកស្រុកខ្មែរ»។

គួរបញ្ជាក់ដែរថា សិក្ខាសាលាខាងលើនេះ គឺធ្វើឡើងរួមគ្នា រវាងក្រុមហ៊ុន KW Cambodia ជាមួយ KW Thailand និង KW Vietnam ដោយមានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនជាអ្នកវិនិយោគធំៗ មកពីតៃវ៉ាន់ ហុងកុង និងសិង្ហបុរីជាដើម ។ សិក្ខាសាលានេះ ក៏មានអ្នកចូលរួមសរុបប្រមាណ ១០០នាក់៕