អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា ប្រធានបទសម្រាប់ទិវាកុមារអន្តរជាតិឆ្នាំនេះគឺ “ផ្តល់អនាគតកាន់តែប្រសើរសម្រាប់កុមារគ្រប់រូប”។

អ្នកឧកញ៉ា បានលើកឡើងតាមរយៈទំព័រហ្វេសប៊ុកនៅព្រឹកនេះថា ក្នុងនាមជាឪពុកម្តាយ យើងតែងតែចង់ធ្វើអ្វី ដែលល្អបំផុតសម្រាប់កូនរបស់យើង។ យើងផ្តល់នូវការអប់រំត្រឹមត្រូវ និងការថែទាំសុខភាពល្អបំផុត ដែលយើងអាចធ្វើបានសម្រាប់ពួកគេ។ យើងខិតខំបំពេញបំណងប្រាថ្នា និងសំណើរបស់កូនៗរបស់យើង។ ប៉ុន្តែមិនមែនគ្រប់កុមារទាំងអស់ សុទ្ធតែអាចទទួលបានរបស់ទាំងនេះពីឪពុកម្តាយរបស់ពួកគេទេ ហើយយើងជាសហគមន៍មួយ ចាំបាច់ត្រូវឈានជើងចូល និងរួមគ្នាដើម្បីផ្តល់ការថែទាំមូលដ្ឋាន ដែលសក្តិសមទាំងនេះ ព្រោះកូនរបស់យើងគឺជាអនាគតរបស់យើង។ នៅពេលដែលយើងផ្តល់ និងដាក់ទុនលើកិច្ចការត្រឹមត្រូវ ដើម្បីឱ្យកុមាររីកចម្រើន និងជោគជ័យ យើងក៏កំពុងវិនិយោគលើអនាគតរបស់យើងផងដែរ។

“ភរិយារបស់ខ្ញុំ ចំណាន និងខ្ញុំផ្តល់អាទិភាពដល់ការរួមចំណែកប្រចាំឆ្នាំរបស់យើង ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប និងយុទ្ធនាការជាច្រើនទៀត ដើម្បីគាំទ្រសហគមន៍របស់យើង និងកុមារកម្ពុជាដែលត្រូវការជំនួយ។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់យើងក៏កំពុងជួយដល់អង្គការក្រៅរដ្ឋាភិបាល ដែលផ្តល់អត្ថប្រយោជន៍ដល់ការអប់រំ និងសុខុមាលភាពរបស់កុមារ មិនត្រឹមតែសម្រាប់ការអប់រំជាមូលដ្ឋាន និងតម្រូវការប្រចាំថ្ងៃរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការលើកស្ទួយការជួយដល់គម្រោងជំនាន់ក្រោយ ដូចជាសិទ្ធិកុមារ និងប្រព័ន្ធអប់រំរបស់កុមារ ក្នុងនោះមានការសរសេរកូដ និងបច្ចេកវិទ្យាជាដើម។ យើងរួមគ្នាកសាងប្រទេសជាតិប្រកបដោយអនាគតភ្លឺស្វាង។ វាចាប់ផ្តើមពីយើង និងកូនៗរបស់យើង។ អបអរសាទរទិវាកុមារអន្តរជាតិ ឆ្នាំ២០២២!”។ អ្នកឧកញ៉ា គិត ម៉េង បានបន្ថែម៕
