ឧកញ៉ាម្នាក់​បង្ហើប​គន្លឹះ ៧ ចំណុច​ដើម្បីក្លាយជាអ្នកមាន

ជុំវិញ​ឧកញ៉ា

មនុស្សគ្រប់រូបតែងមានគំនិតចង់ក្លាយជាអ្នកមាន ប៉ុន្តែមិនដឹងពីរបៀបអាចធ្វើឲ្យខ្លួនមានបាន ខណៈដែលអ្នកជោគជ័យជាច្រើនគេដើរតាមផ្លូវនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ស្ថាបនិកក្រុមហ៊ុនបញ្ចាំ Vichetdara Cash Express Co., LTD និងជាម្ចាស់បុរី វិចិត្រដារ៉ា(វីឡាព្រិស៍) បានទម្លាយរឿងរ៉ាវ៧យ៉ាងដែលមនុស្សគួរធ្វើ ប្រសិនបើ​ចង់ឲ្យជីវិតបានជោគជ័យ។ សហគ្រិនរូបនេះបានស្រាយគន្លឹះទាំង៧យនោះរួមមាន៖

១. ឆ្លាតក្នុងការគិតលេខ : លោកឧកញ៉ាបានលើកឡើងថា អ្នកមានតែងតែមានទម្លាប់ក្នុងការគិតលេខ ព្រោះលេខ​គឺស្មើនឹងលុយ។ អ្នកមានជាទូទៅគឺឆ្លាតក្នុងការគិតលេខ មិនថាការវិនិយោគ ចំណាយប្រចាំថ្ងៃ ក៏ត្រូវតែគិតលេខដែរ និយាយរួមប្រសិនបើដាក់ទុនវិនិយោគត្រូវគិតឲ្យចេញជាលេខថាការវិនិយោគនោះចេញជាវិជ្ជមានឬអវិជ្ជមាន។ ការគិតលេខនេះ គឺត្រូវតែមានទម្លាប់ធ្វើពីរឿងតូចរហូតដល់ធំទើបអាចដឹងពីចំណូលនិងចំណាយបានល្អិតល្អន់។

២.​ បោះបង់ចោលមនុស្សអវិជ្ជមាន : អ្នកមានភាគច្រើនតែងតែបោះបង់ចោលមនុស្សមានគំនិតអវិជ្ជមាន អ្នកដែលបង្អាក់ការដើរទៅមុខរបស់ពួកគេ ឬស្ថានការណ៍ដែលពោពេញទៅដោយគំនិតអវិជ្ជមាន។ ការសេពគប់មនុស្សបែបនេះ​គឺ អាចធ្វើឲ្យយើងដើរថយក្រោយបាន ដោយសារគំនិតច្រណែនឈ្នានីសរបស់ពួកគេ។

៣. ការដឹងគុណ : ការដឹងគុណគឺផ្ដល់ឱកាសឲ្យយើងជាច្រើនដែលអាចនាំឲ្យអ្នកក្លាយជាអ្នកមាន។ លោកបានបន្តថាការដឹងគុណចំពោះមនុស្សដែលធ្លាប់ជួយណែនាំ លើកទឹកចិត្ត បង្រៀន សហការ  ជួយជាកម្លាំងចិត្ត គឺយើងត្រូវតែធ្វើការដឹងគុណ និយាយរួមគឺមានទម្លាប់និយាយពាក្យថា អរគុណ ទើបមានគេស្រលាញ់ចូលចិត្តច្រើន ប្រសិនបើគេមានឱកាសក្រោយគេនឹងជួយ បង្រៀនយើងបន្ថែមទៀត ។

៤. សកម្មភាព : គ្រប់អ្នកមានទាំងអស់គឺមានទម្លាប់ធ្វើសកម្មភាពភ្លាមៗ ដោយមិនប្រើពាក្យចាំ ឬគេតែងតែប្រើពាក្យថា Do it now ចង់ធ្វើអ្វីមួយ នឹកឃើញផែនការយុទ្ធសាស្ត្រអ្វីមួយត្រូវធ្វើឲ្យហើយ។ កុំចាំ ព្រោះពាក្យថាចាំគឺជាសត្រូវជាមួយនឹងភាពជោគជ័យ មិនអាចឲ្យយើងឈានដើរទៅមុខមួយជំហ៊ានទៀតបានទេ ឬអាចនិងបាត់បង់ឱកាស ដោយសារតែពាក្យថាចាំនឹងឯង។ ការរង់ចាំគឺស្មើនឹងសូន្យ មានតែការធ្វើសកម្មភាពប៉ុណ្ណោះទើបអាចបង្កើតបានមានជាលទ្ធផល តែលទ្ធផលទទួលបានបរាជ័យ ឬជោគជ័យអាស្រ័យលើសកម្មភាពយើងធ្វើត្រូវឬខុស ប៉ុន្តែប្រសិនបើយើងអត់ធ្វើសកម្មភាពច្បាស់ណាស់គឺនឹងមិនទទួលបានលទ្ធផលអ្វីទាំងអស់។

៥. សំនួរសម្រាប់ខ្លួនឯង : មនុស្សជោគជ័យតែងតែមានសំណួរសួរខ្លួនឯងថា តើគេចង់ធ្វើអ្វី គួរធ្វើឬអត់ ហើយធ្វើអ្វីខ្លះ សំណួរទាំងនេះគួរតែសួរខ្លួនឯងគ្រប់ពេល ប្រសិនបើសំណួរខ្លះសួរខ្លួនឯងឆ្លើយមិនចេញទេ អាចទៅសួរអ្នកដទៃបានដែលគេមានគំនិតល្អជាងខ្លួន ព្រោះបើមិនមានទម្លាប់សួរសំណួរមកកាន់ខ្លួនឯងទេ នោះគំនិតក៏មិនមានការរីកចម្រើនដែរ។

៦. ត្រូវរកនិងបង្កើតលុយ : រកវិធីសាស្រ្តដើម្បីបង្កើតលុយ ជាទូទៅមនុស្សជោគជ័យតែងតែមានអាណាចក្រមួយក្នុងការបង្កើតលុយ ។ ប្រសិនបើចង់ជោគជ័យត្រូវបង្កើតជំនួញមួយសម្រាប់ខ្លួនឯង មាននិន្នាការមួយដែលមានលក្ខណៈយូរអង្វែង ឬវិនិយោគបន្ថែមទៀតលើរបរដែលយើងមានស្រាប់ ដែលអាចហៅម្យ៉ាងទៀតថា យកលុយបង្កើតលុយ។

៧. រកគ្រូបង្វឹក : ចំណុចចុងក្រោយនេះលោកឧកញ៉ាបានបន្ថែមថា បុគ្គលជោគជ័យគ្រប់រូបតែងតែមានគ្រូបង្រៀន អ្នកជួយណែនាំ អ្នកលើកទឹកចិត្ត។ ជាទូទៅមនុស្សយើងបើមានអ្នកណែនាំ​ ចាំបង្ហាត់បង្រៀន គឺអាចកាត់បន្ថយពេលវេលា ដើរទៅមុខបានលឿនបំផុត។ តែប្រសិនបើមិនមានអ្នកចាំជួយណែនាំ គឺជួនជាអាចនឹងដើរខុស ដែលចំណាយអស់ថវិកាច្រើន និងខាតទាំងពេលវេលាថែមទៀតផង។

បន្ថែមលើនោះលោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ក៏បានផ្ដល់ជាដំបូន្មានមួយឃ្លាដែរថា«កុំចាំរៀនចេះអស់បានចេញរកស៊ី ! រកស៊ីសិនទៅ ខ្វះកន្លែងណា រៀនកន្លែងណ្នឹង​ ! ចំណេះដឹងថ្ងៃនេះមិនច្បាស់ថា មានប្រសិទ្ធភាពនៅ៥ឆ្នាំក្រោយទេ ប៉ុន្តែមានតែការធ្វើទើបបង្កើតឲ្យមានចំណេះដឹងថ្មីៗ៕