ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី០៥ មិថុនានេះ ខណៈដែលសាលារៀនរដ្ឋនិងទីតាំងសាធារណៈរបស់រដ្ឋមួយចំនួន ត្រូវបានប្រើជាកន្លែងសម្រាប់ការបោះឆ្នោត។
ប្រជាពលរដ្ឋ ឥស្សរជនជាន់ខ្ពស់ មន្រ្តីរាជការ អ្នកឧកញ៉ា ឧកញ៉ា បានចេញទៅបោះឆ្នោតបណ្តើរៗហើយ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានទៅបោះឆ្នោតរួចហើយដែរ នៅសាលាគរុកោសល្យ និងវិក្រឹត្យការក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៥។

ជាមួយគ្នានេះដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា និងលោកជំទាវ ក៏បានទៅបោះឆ្នោតរួចហើយ នៅការិយាល័យលេខ១៥៥២ ក្នុងអនុវិទ្យាល័យ គោកបញ្ជាន់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
តាមរយៈទំព័រហ្វេសបុកអ្នកឧកញ៉ាបានថ្លែងថា៖ «ខ្ញុំនិងគ្រួសារបានបោះឆ្នោតរួចរាល់ហើយ ចុះបងប្អូនវិញបានបោះរួចរាល់ហើយឬនៅ កុំភ្លេចComments រូបជ្រក់ដៃជាមួយគ្នា»។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ បានចាប់ផ្ដើមដំណើរការចាប់ពីម៉ោង ៧ព្រឹកនេះហើយដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។ ដោយឡែកឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន ១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។
ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់៕

