ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន សេម អេសអិន រៀលធី ឯ.ក បានពន្យល់ប្រាប់ពីនិយមន័យនៃ «តម្លៃទីផ្សារអចលនទ្រព្យបច្ចុប្បន្ន» ថា គឺជាតម្លៃដែលអ្នកលក់យល់ព្រមលក់ និងអ្នកទិញយល់ព្រមទិញនៅពេលបច្ចុប្បន្ន។

លោកឧកញ៉ា បានបញ្ជាក់លើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ថាមានអ្នកវិនិយោគ អ្នកទទួលបញ្ចាំ អ្នកវាយតម្លៃ ឬភ្នាក់អចលនទ្រព្យមួយចំនួន មានការយល់ច្រឡំអំពីពាក្យថា «តម្លៃទីផ្សារអចលនទ្រព្យពេលបច្ចុប្បន្ន» ដោយពួកគាត់វាយតម្លៃដីធ្លីរបស់ម្ចាស់អចលនទ្រព្យទាបជាងតម្លៃទីផ្សារ ដើម្បីបន្ទាបតម្លៃរបស់ម្ចាស់ដីក្នុងការលក់ ដាក់បញ្ចាំ ឬរកដៃគូដើម្បីសហការវិនិយោគរួម។

ពិតណាស់ តម្លៃអចលនទ្រព្យបច្ចុប្បន្ន គឺជាតម្លៃដែលមានអ្នកលក់យល់ព្រមលក់ និងមានអ្នកទិញយល់ព្រមទិញ។
លើសពីនេះ ឧកញ៉ា សំ សុខនឿន ក៏បានសង្កត់ធ្ងន់ផងដែរថា កំហុសរបស់អ្នកវាយម្លៃមួយចំនួន គឺវាយតម្លៃដីធ្លីរបស់ម្ចាស់ទ្រព្យទាបរហូតដល់ខ្លួនជាអ្នកវាយតម្លៃនោះមិនអាចរកទិញដីធ្លីនោះបានក្នុងតម្លៃ ដែលខ្លួនវាយតម្លៃជូនម្ចាស់ទ្រព្យក្នុងតំបន់ដីម្ចាស់ទ្រព្យ។ ក្នុងករណីនេះ នោះមិនមែនជាតម្លៃទីផ្សារអចលនទ្រព្យបច្ចុប្បន្ននោះទេ ព្រោះជាតម្លៃដែលមិនមានអ្នកលក់យល់ព្រមលក់ទាល់តែសោះ៕
