តើថៅកែក្រុមហ៊ុនប្រាក់ពាន់លាន សូ ងួន ជានរណា?

ជុំវិញ​ឧកញ៉ា

មានអាយុ ៥៧ឆ្នាំ ឧកញ៉ា សូ ងួន គឺជានាយទុនដ៏ល្បីល្បាញនៅក្នុងពិភពជំនួញនៅកម្ពុជា ហើយក៏ជាអ្នករកស៊ីខាងអចលនទ្រព្យដ៏សកម្មប្រចាំខេត្តកំពត។ លោកត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» ត្រាស់បង្គាប់ផ្តល់គោមរងារ «ឧកញ៉ា» តាមព្រះរាជក្រឹត្យលេខ នស/រកត/១១០០/១៨៦ ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា សូ ងួន ជានាយកក្រុមហ៊ុន សូ ងួន ដឹកជញ្ជូន និងសេវា អាហរ័ណ និហរ័ណ ស្ថិតនៅលើផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រៅពីដឹកនាំអាជីវកម្មរបស់ខ្លួនឧកញ៉ា សូ ងួន ក៏ជាសហប្រធានក្រុមការងារ ច “ផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ” ផ្នែកឯកជន របស់សភាពាណិជ្ជកម្មកម្ពុជា ដែលមានអនុប្រធានចំនួន ៤រូបគឺឧកញ៉ា គួច ផេង ឧកញ៉ា គុជ ស៊ីនិត ឧកញ៉ា ឈឹម សុកន និងឧកញ៉ា លី គង់។

ក្រុមហ៊ុនរបស់លោកមានផែស្ងួតជាច្រើនកន្លែងនៅទូទាំងប្រទេសកម្ពុជា គឺជាក្រុមហ៊ុនឡានកុងតឺន័រដ៏ធំហើយមានចំនួនច្រើនជាងគេនៅកម្ពុជា ដែលដឹកទំនិញធុនធំចេញចូលប្រទេសកម្ពុជាជាមួយប្រទេសជិត។ រថយន្តកុងតឺន័ររបស់ក្រុមហ៊ុននេះក៏ធ្លាប់រងការព្រមានបិទពីរដ្ឋាភិបាលផងដែរ ក្រោយធ្វើឲ្យបាក់ស្ពានព្រះមុនីវង្ស នៅរាជធានីភ្នំពេញ កាលពីពេលកន្លងទៅ។

ក្រុមហ៊ុននេះបានប្រើប្រាស់រថយន្តប្រហែល ២០០គ្រឿងសម្រាប់ដឹកជញ្ជូនទំនិញទៅមករវាងរាជធានីភ្នំពេញនិងគោលដៅមួយចំនួននៅខេត្តព្រះសីហនុ និងប្រទេសវៀតណាម។

ដោយឡែកជុំវិញការទូទាត់បំណុលជូនរដ្ឋវិញម្តង ក្រុមហ៊ុន សូ ងួន គ្រុប ក៏ធ្លាប់ទទួលបានលិខិតអញ្ជើញពីអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីមកទូទាត់បំណុលពន្ធ ជូនរដ្ឋ។ ក្នុងលិខិតដដែលចុះហត្ថលេខាដោយលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា ការបង់ពន្ធអាករ គឺ ជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូបដើម្បីរួមចំណែកក្នុងថវិកា។

របាយការណ៍បែកធ្លាយមួយរបស់ក្រុមហ៊ុនបានឲ្យដឹងថា កាល​ពី​ឆ្នាំ​២០០៩ អាជីវ​កម្ម​ដឹក​ជញ្ជូន​ក្រុម​ហ៊ុន សូ ងួន គ្រុប រក​ចំណូល​បាន ៧,៥៦​លាន​ដុល្លារ​អាមេរិក។ កំណើននេះត្រូវ​ប្រធាន​ក្រុម​ហ៊ុន​នេះ ​ព្យាករ​ថា ប្រាក់​ចំណូល​របស់​ក្រុម​ហ៊ុន​ កាល​ពី​ឆ្នាំ​២០១០ នឹង​កើន​ដល់​១១​លាន​ដុល្លារ។ ប្រាក់​ចំណូល​របស់ក្រុមហ៊ុនបាន​កើន​ឡើងដោយ​សារ​កំណើន​នៃ​ការ​ដឹក​ជញ្ជូន​ផលិត​ផល​វាយ​នភណ្ឌ៕