កត្តាវ័យ និងការពង្រីកមុខជំនួញបន្ថែម អ្នកឧកញ៉ា ម៉ុង ឫទ្ធី បង្ហើបអ្នកបន្តវេនដែលត្រូវដឹកនាំអាណាចក្រជំនួញ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ុង ឫទ្ធី  គឺជាអ្នករកស៊ីជើងចាស់មួយរូបដ៏មានសក្តានុពល ដែលល្បីល្បាញខាងវិស័យកសិកម្ម បច្ចុប្បន្នជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ដែលឈរជើងជាង ៣២ឆ្នាំមកហើយ ក្នុងពិភពមុខជំនួញ និងនាំផលិតផលសម្រេចជាច្រើនទៅកាន់ពិភពលោកឲ្យបានស្គាល់ពីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បាន​រក្សា​កិត្តិយស​ក្នុង​នាម​ជា​អ្នក​នាំមុខ​ក្នុង​ពាណិជ្ជកម្ម​លើ​ច្រើន​​វិស័យតាមរយៈ​សមត្ថភាព ការ​ប្រកួត​ប្រជែង​ និង​ការ​ចែកចាយ​ទាន់​ពេល​វេលា ជាមួយ​បទដ្ឋាន​គុណភាពខ្ពស់​បំផុត។

បច្ចុប្បន្ន ម៉ុង ឫទ្ធី គ្រុប ជាក្រុមហ៊ុនកសិ-ឧស្សាហកម្មធំបំផុតនៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៥ នៅអាស៊ីអាគ្នេយ៍។ ជោគជ័យ​ដ៏​អស្ចារ្យ​នេះ គឺ​បាន​មក​ពី​ការ​ដឹក​នាំ​ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយរបស់មហាសេដ្ឋី ម៉ុង ឫទ្ធី  និងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត ជាមួយកិច្ចខិតខំប្រឹងប្រែងរបស់និយោជិកជាង ១០.០០០នាក់ ដែលប្រកាន់ខ្ជាប់នូវក្រមសីលធម៌សាជីវកម្ម។

ក្រោមសម្ព័ន្ធ ម៉ុង ឫទ្ធី គ្រុប មានសាជីវកម្មស្ទើរគ្រប់វិស័យរួមមាន៖ ក្រុមហ៊ុន សំណង់ក្មេងវត្ត ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគទុនដំណាំដូងប្រេងកម្ពុជា ក្រុមហ៊ុន ផែ ឧកញ៉ាម៉ុង ក្រុមហ៊ុន អិម ភីក អេស៊ីអិមស៊ី(ខេមបូឌា) ក្រុមហ៊ុន អិមអធី រ៉ាប់ប៊ើរ ផ្លេនថេសិន ក្រុមហ៊ុន ម៉ាល់ធីកូ អិមអេស (ខេមបូឌា) ក្រុមហ៊ុន ឃីងដឹម ហ្រ្វ៊ូត អ៊ិនធើណេសិនណល ជាដើម។

ការដែលទទួលបានជោគជ័យយ៉ាងសម្បើមរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី មកដល់ពេលបច្ចុប្បន្នគឺជាលះបង់ដ៏ធំធេងរបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី ជាស្តេចក្រាញ់ខាងវិស័យកសិកម្មល្បីរាប់ជំនាន់។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារកត្តាវ័យ និងការពង្រីកមុខជំនួញបន្ថែម បានធ្វើអោយក្រុមមហាសេដ្ឋីគ្រាក់ៗ មួយចំនួនធំ បាននឹងកំពុងរៀបចំជើងព្រួល រៀបចំអ្នកបន្តវេន ដោយតែងតាំងផ្តល់តួនាទីជាន់ខ្ពស់គ្រប់គ្រងអាណាចក្រជំនួញរបស់ខ្លួន ដើម្បីបន្តឥទ្ធិពលនិងភាពរឹងមាំ ព្រោះថាទម្រាំពួកគាត់ឈរជើង សាងភាពរឹងមាំ និងទទួលជោគជ័យក្នុងពេលបច្ចុប្បន្ន មិនមែនជារឿងសាមញ្ញនោះឡើយ។

ជាមួយគ្នានេះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានបង្ហើបប្រាប់សារព័ត៌មានឧកញ៉ាញូស៍ពីអ្នកបន្តវេនដឹកនាំអាណាចក្រក្រុមហ៊ុនរបស់លោកថ្វីត្បិតតែកន្លងមកលោកមិនសូវបញ្ចេញសមាសភាពកូនប្រុសទាំង ៣រូប ជាសាធារណៈ ប៉ុន្តែតាមការបញ្ជាក់អ្នកឧកញ៉ាថ្លែងយ៉ាងច្បាស់ថា អ្នកបន្តវេន និងជាក្បាលម៉ាស៊ីនធំនៅពីក្រោយក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប គឺឧកញ៉ា ម៉ុង រិទ្ធថា ដែលត្រូវជាកូនប្រុសច្បងក្នុងចំណោមកូនប្រុសទាំង ៣នាក់ក្នុងគ្រួសារ រួមទាំងកូនប្រុសរបស់អ្នកឧកញ៉ា ២រូបទៀត គឺលោក ម៉ុង ចាន់ថន និងលោក ម៉ុង ចាន់ថុល។

ទន្ទឹមគ្នានោះ ក្នុងរចនាសម្ព័ន្ធក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលមានអ្នកឧកញ៉ា ម៉ុង ឫទ្ធី ជាអគ្គនាយក ក៏មានលោកបណ្ឌិត តាន់ មុនីវណ្ណ ដែលត្រូវជាកូនប្រសារ និងមានតួនាទីជាអគ្គនាយករង ក៏ជាបុគ្គលឆ្នើម ដែលបានរួមចំណែកជួយការងាររបស់ក្រុមហ៊ុនផងដែរ៕