យោងតាមរយៈគណនីផេកហ្វេសប៊ុករបស់លោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ ដែលនៅមុននេះបន្តិច បានឲ្យដឹងយ៉ាងដូច្នេះថា៖«ជូនពរវះកាត់ ទទួលជោគជ័យ ជួបគ្នា៣ម៉ោងក្រោយ យើងបានសន្យាថា នឹងផឹកតែជាមួយគ្នានៅលើភ្នំនៅឆ្នាំ២០៧០»។

ជាមួយគ្នានេះ បងប្រុសរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមានឈ្មោះ ឡេង ប្រុស ក៏បាននិយាយទៅកាន់ប្អូនប្រុសដែរថា៖«ជាប្អូនប្រុសទី2 រឹងមាំទាំងសុខភាពនិងខួរក្បាលឆ្លាតវ័យជាងគេ តែឥឡូវប្អូនត្រូវវះកាត់ សូមព្រះប្រទានពរប្អូន»។

គូសបញ្ជាក់ថា លោកឧកញ៉ា ឡេង ណាវ៉ាត្រា គឺកំពុងតែព្យាបាលជំងឺនៅមន្ទីរពេទ្យ សឹង្ហបុរី ដែលត្រៀមវះកាត់ នៅពេលបន្តិចទៀតនេះ ចំពោះប្រភេទនិងស្ថានភាពជំងឺបែបណានោះ នៅមិនទាន់មានការបញ្ជាក់ឲ្យដឹងនៅឡេីយនោះទេ។
ទន្ទឹមនឹងនេះ ក៏មានការចូលរួមជូនពរពីមហាជនជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីឲ្យទទួលបាននូវជោគជ័យបន្ទាប់ពីធ្វើការវះកាត់រួច និងឆាប់ជាសះស្បើយផងដែរ ដើម្បីវិលត្រឡប់មកចូលរួមជួយអភិវឌ្ឍន៍ ក៏ដូចជាចូលរួមជាចំណែកជួយដល់ប្រជាពលរដ្ឋខ្មែរជាបន្តទៀតនោះ។
សូមរំលឹកថា លោកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីដើមឡើយ លោកជាអតីតពលករនៅប្រទេសកូរ៉េ បន្ទាប់ពីមានការខិតខំប្រឹងប្រែងធ្វើការសន្សំលុយ យកមករកស៊ីជំនួញដីធ្លីនៅទឹកដីកំណើតរបស់ខ្លួន រហូតទទួលបានជោគជ័យដូចសព្វថ្ងៃនេះ នឹងក្លាយខ្លួនទៅជាឧកញ៉ាមួយរូបដ៏មានចិត្តធម៌ដែលតែងតែធ្វើអំពើល្អៗជាច្រើន ដូចជាធ្វើផ្លូវជូនរដ្ឋ ឧបត្ថម្ភដល់ចាស់ជរា ក៏ដូចជាជួយដល់សិល្បករជាច្រើនរូបផងដែរ៕



