នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ គឺជាថ្ងៃខួបកំណើត ១៧ឆ្នាំ កូនប្រុសច្បងអ្នកឧកញ៉ា គិត ម៉េង គឺយុវជន គិត ស៊ូឡា។

អ្នកឧកញ៉ា គិត ម៉េង តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃសុក្រ ទី១៧នេះបានបង្ហាញអារម្មណ៍ដ៏រំភើបរីករាយ រំលឹករឿងរ៉ាវកាលពី១៧ឆ្នាំមុន ដែលកូនប្រុសច្បងរបស់លោក ឈ្មោះ ស៊ូឡា បានចាប់កំណើតមកកាន់ពិភពលោក។

លោកថ្លែងថា៖ ថ្ងៃនេះ ជាថ្ងៃមួយដែលយើងអបអរសាទរចំពោះភាពអស្ចារ្យរបស់កូន និងអរគុណកូនចំពោះអ្វីៗដែលកូនបានធ្វើ ដើម្បីឱ្យអ្នករាល់គ្នាមានភាពរីករាយ! ប៉ាគិតថាកូនគឺជាយុវជនអាយុ១៧ឆ្នាំម្នាក់ដ៏គួរឱ្យកោតសរសើរ ហើយប៉ាសូមជូនពរកូន និងសូមឱ្យថ្ងៃនេះគឺជាថ្ងៃដ៏ល្អអស្ចារ្យ ដូចរូបកូន។ ប៉ាសង្ឃឹមថា ថ្ងៃនេះជាថ្ងៃដ៏មានសុភមង្គលបំផុតរបស់កូន។

អ្នកឧកញ៉ាបន្ថែមថា ខួបកំណើត១៧ឆ្នាំរបស់កូនគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ នោះគឺការចាប់ផ្តើមនៃភាពសប្បាយរីករាយគ្រប់យ៉ាង។ ចាប់ពីពេលនេះតទៅ កូននឹងទទួលបានឱកាសថ្មីៗជាច្រើនដ៏គួរឱ្យរំភើប។ សេរីភាពថ្មី និងទំនួលខុសត្រូវសំខាន់ៗគឺគ្រាន់តែជាផ្នែកមួយដែលនឹងចូលមកកាន់ជីវិតកូន ទៅតាមការវិវត្តនៃវ័យរបស់កូនប៉ុណ្ណោះ។

អ្នកឧកញ៉ាគូសបញ្ជាក់ថា ក្នុងនាមជាឪពុកម្តាយ យើងមានមោទកភាពចំពោះកូនយ៉ាងខ្លាំង ហើយប៉ាម៉ាក់ជូនពរឱ្យខួប១៧ឆ្នាំនៃជីវិតរបស់កូន ជាឆ្នាំដ៏ល្អបំផុត។ យើងពិតជាច្បាស់ណាស់ថាខួបរបស់កូននឹងពោរពេញដោយសេចក្តីស្រឡាញ់ សុភមង្គល និងភាពជោគជ័យជាច្រើន៕






