ក្នុងឱកាសថ្ងៃបុណ្យទិវាឪពុក នាថ្ងៃអាទិត្យនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហើបឱ្យដឹងថា ឪពុករបស់ខ្លួនមិនបានរៀនសូត្រ ហើយមិនចេះអក្សរនោះទេ ប៉ុន្តែលោកមានមហិច្ចតាខ្ពស់ណាស់ ដោយប្រឹងប្រែងយកកម្លាំងបាយដើររែកដី និងដាច់ចិត្តប្រថុយលក់ដីស្រែអស់ ដើម្បីឱ្យកូនបានរៀនសូត្រ។

ស្ថាបនិកបុរី ឡេង ណាវ៉ាត្រា រូបនេះ បានរៀបរាប់តាមរយៈទំព័រហ្វេសប៊ុក នារសៀលថ្ងៃអាទិត្យនេះថា៖ “ទោះបីលោកពុកមិនបានរៀនសូត្រមិនចេះអក្សរ ប៉ុន្តែលោកពុកមានមហិច្ឆតាខ្ពស់ណាស់ លោកបានប្រឹងប្រែងយកកម្លាំងបាយ ដើររែកដីដោះស្រាយជីវភាព។ ហើយគាត់ហ៊ានណាស់ដាច់ចិត្តប្រថុយលក់ដីស្រែអស់ ប្រឹងបណ្ដុះបងប្រុសម្នាក់ ឲ្យបានរៀនសូត្រ ដែលជាក្ដីសង្ឃឹម និងសរសរទ្រូងដល់ប្អូនៗ ដោយសារឃើញការលំបាករបស់ឪពុកខ្លាំងពេក កាលនោះ បងប្រុសខ្ញុំសុំម៉ែ ឈប់រៀននៅធ្វើការនៅភ្នំពេញ ទាំងដែរអាយុមិនទាន់គ្រប់ ១៨ឆ្នាំផង ពេលបងប្រុសមកធ្វើការភ្នំពេញរកកោះត្រើយមិនឃើញទេ គឺមិនសូវបានដូចបំណងលោកពុកគិត តែយ៉ាងណាលោកពុកនៅតែមានជំនឿចិត្តលើកូនប្រុសគាត់ជានិច្ច”។

អ្នកឧកញ៉ា បន្តថា៖ “ខ្ញុំធ្លាប់លឺបងប្រុសនិយាយពេលគាត់បរាជ័យត្រលប់មកពីភ្នំពេញប្រាប់ម៉ែថា (ម៉ែបើសិនជាគាត់ស្លាប់ គ្រួសារយើងមានហូបចុកគ្រប់គ្រាន់ គាត់នឹងស្លាប់ភ្លាម)។ ម៉ែងាកមើលមកបងប្រុសហើយស្ដីអោយថា កុំនិយាយអោយពុកលឺមិនបានទេប្រយ័ត្នពុកខឹង តែទឹកភ្នែកម៉ែវិញពេលនោះហូរ ព្រោះសំដីបងចាក់ដោតបេះដូងគាត់ពេក។ តាមពិតលោកពុកដឹងរឿងទាំងអស់តែលោកនៅតែមិនហូរទឹកភ្នែក គាត់មិនអោយកូនបាក់ទឹកចិត្ត។ រហូតអស់ជំរើសតស៊ូរនៅភ្នំពេញបងប្រុសលឺថាទៅកូរ៉េប្រាក់ខែច្រើនក៏ប្រាប់លោកពុក លោកពុកចាប់ផ្ដើមមានក្ដីសង្ឃឹមខ្លាំងជឿជាក់លើកូនគាត់អាចធ្វើបាន។ បងប្រុសដើដាក់ពាក្យ តាំងពីសម័យក្រុមហ៊ុននៅជិតប៉ុស្តិ៍លេខ៣ អត់ជាប់ ក្រោយទៀតក្រុមហ៊ុនរើសខាងកសិកម្មនៅក្បែរស្ប៉ាក គឺទៅមួយខ្ញុំក៏មិនជាប់ទៀត កាលនោះខ្ញុំក៏មិនទាន់គ្រប់អាយុទេហើយខ្ញុំធ្វើអត្តសញ្ញាណបណ្ណដំឡើងអាយុ ២ឆ្នាំបង្គ្រប់រហូតដលសព្វថ្ងៃ”។

“បន្ទាប់មកទៀតដាក់ពាក្យនៅក្រុមហ៊ុនជិតវិមានឯករាជ្យ បានជាប់ហើយតែគ្មានលទ្ធភាព បង់ថវិកា ៣៥០០$ ក៏មិនបានទៅទៀត។ ក្រោយមកទៀតទើប ក្រសួងការងារចាប់ផ្ដើមជ្រើសរើស និងឱ្យសិក្សានៅសាលាកប់ស្រូវ ខ្ញុំមិនហ៊ានដាក់ពាក្យព្រោះគ្មានលទ្ធភាពក្នុងការ បង់ថ្លៃសាលាគឺលោកពុកសម្រេចឲ្យបងប្រុសរៀនតែម្នាក់ទេ ដើម្បីបានទៅ ចាំយោងគ្នាតាមក្រោយទុកឲ្យខ្ញុំនិងប្អូនប្រុសនិមល់នៅធ្វើការ ដើម្បីផ្គត់ផ្គង់ ដោះស្រាយគាត់រៀនសិន បងប្រុសប្រឹងរៀនណាស់ប្រឡងជាប់ហើយនៅរង់ចាំ ២ឆ្នាំទើបធ្លាក់ឈ្មោះមកក្នុងឆ្នាំ២០០៨ ពុកដើរចងកាគេផងខ្ចីគេផង ព្រោះពេលនោះអស់ស្រែលក់ហើយ ដោះស្រាយយ៉ាងណាបានទៅកូរ៉េសិន។ និយាយទៅបងប្រុសតស៊ូតាំងពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៨ ជាការរុញច្រានរបស់លោកពុកទើបបានទៅកូរ៉េ”។

“គិតទៅតស៊ូ រយ:ពេល ១១ឆ្នាំ ទើបបានទៅកូរ៉េ បើទៅកូរ៉េបងប្រុសប្រហែសតែបន្តិច អ្វីគ្រប់យ៉ាងនឹងរលាយអស់ (លោកពុករឹងមាំណាស់មានរឿងអីក៏ដោយ មិនងាយហូរទឹកភ្នែកទេ) តែបែជាហូរទឹកភ្នែកនៅពេលកូនថ្វាយបង្គុំ។ ខ្ញុំរស់នៅក្នុងភូមិត្រពាំង សាលាឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ជារឿងពិត មិនមែនជារឿងនិទានអ្វីទេ ក្នុងភូមិអ្នកណាក៏ដឹងដែរ ថាឪពុកចិត្តធំ សុខចិត្តទៅរែកដី លក់ស្រែ ដើម្បីឲ្យកូនទៅរៀន។ នៅក្នុងភូមិខ្ញុំ កាលនោះអ្នកដែលរែកដី ជាអចិន្ត្រៃយ៍មានតែពីអ្នកទេ គឺឪពុកខ្ញុំ និងពូទុន តែពូទុនគាត់បានស្លាប់ហើយ”។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់បន្ថែម៕