ក្រុមហ៊ុន LY HOUR GROUP របស់ឧកញ៉ា លី ហួរ មានទីស្នាក់ការកណ្តាលនៅអគារលេខ ៨៥-៨៨ ផ្លូវលេខ២៨៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រុមហ៊ុននេះ មានចក្ខុវិស័យ ចង់ក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍ និងវិនិយោគពហុវិស័យឈានមុខនៅកម្ពុជា ដោយឈរលើបេសកកម្មផ្តល់សេវាកម្ម និងផលិតផលល្អប្រសើរច្រើនប្រភេទ ដើម្បីឆ្លើយតបតម្រូវការចាំបាច់របស់អតិថិជន និងភាគីពាក់ព័ន្ធព្រមទាំងចូលរួមចំណែកអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។

ថ្ងៃនេះ ឧកញ៉ា ញូស៍ សូមណែនាំឱ្យស្គាល់បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន លី ហួរ គ្រុប ដូចខាងក្រោម៖
១. ក្រុមហ៊ុន លី ហួរ អ៊ិចឆេង ឯ.ក (លី ហួរ ប្តូរប្រាក់)៖ បង្កើតឡើងតាំងពីឆ្នាំ១៩៨៦ ហើយបច្ចុប្បន្នក្លាយជាក្រុមហ៊ុននាំមុខគេផ្នែកទីផ្សារប្តូរប្រាក់នៅក្នុងប្រទេសកម្ពុជា។


២. លី ហួរ ផនសប ខូអិលធីឌី (លី ហួរ ហាងបញ្ចាំ ខូអិលធីឌី)៖ ជាក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មទទួលបញ្ចាំចលនទ្រព្យ និងអចលនទ្រព្យគ្រប់ប្រភេទពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១០។

៣. បុរីវិមានភ្នំពេញ៖ ជាគម្រោងអភិវឌ្ឍន៍លំនៅឋានរបស់ក្រុមហ៊ុន លី ហួរ គ្រុប ដែលត្រូវបានបង្កើតឡើង និងទទួលអាជ្ញាប័ណ្ណ ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅក្នុងខែតុលា ឆ្នាំ២០១១ ចាប់ផ្តើមគម្រោងទី១ នៅលើផ្ទៃដីសាងសង់ចំនួន ១៨ហិកតា ស្ថិតនៅតាម បណ្តោយផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ឧកញ៉ា លី ហួរ ជាប្រធានគម្រោង និងអ្នកគ្រប់គ្រងផ្ទាល់លើគម្រោងអភិវឌ្ឍន៍លំនៅឋានទាំងអស់របស់ក្រុមហ៊ុន។


៤. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី៖ ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០១២ ក្រោម អាជ្ញាប័ណ្ណលេខ Co. ២៤៦KH/២០១២ ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០១២ ចេញដោយក្រសួងពាណិជ្ជកម្ម ដែលមានដើមទុនសរុប ចំនួន ១៦លាន ដុល្លារអាមេរិក។ គ្រឹះស្ថានបានទទួលអាជ្ញាប័ណ្ណ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១២ ពីធនាគារជាតិនៃកម្ពុជា។ សកម្មភាពចម្បងរបស់គ្រឹះស្ថាន គឺផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប និងសហគ្រាសខ្នាតតូច និងមធ្យមតាមរយៈការិយាល័យកណ្តាល និងការិយាល័យសាខានៅទូទាំងប្រទេសកម្ពុជា។

៥. ក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ៖ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១។ សកម្មភាពចម្បង របស់ក្រុមហ៊ុន គឺចូលរួមអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មតាមរយៈការដាំកៅស៊ូ និងស្វាយចន្ទី សម្រាប់នាំចេញទៅលក់ទីផ្សារបរទេស ព្រមទាំងផ្គត់ផ្គង់ក្នុងស្រុក។ បច្ចុប្បន្នក្រុមហ៊ុនបានក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្ម ដ៏ធំមួយនៅកម្ពុជា ហើយនឹងក្លាយជាក្រុមហ៊ុនផលិតជ័រកៅស៊ូ និងស្វាយចន្ទីច្រើនជាងគេនៅពេលដ៏ខ្លីខាងមុខ។

៦. ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី៖ ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០១៥ និងទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មភតិសន្យាហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។ ក្រុមហ៊ុន លី ហួរ លីស៊ីង មានផ្តល់ជូននូវសេវាភតិសន្យាហិរញ្ញវត្ថុ ដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា សម្រាប់ការបង់រំលស់យានយន្ត (រថយន្តម៉ូតូ និងម៉ូតូកង់បី) យកទៅប្រើប្រាស់ក្នុងសកម្មភាពអាជីវកម្មក៏ដូចជាប្រើប្រាស់ផ្ទាល់ខ្លួន។ លើសពីនោះក្រុមហ៊ុនក៏មានលក់រថយន្ត ដែលសុទ្ធសឹងតែមានគុណភាពខ្ពស់ជាមួយនឹងតម្លៃសមរម្យ និងមានផ្តល់ជូនសេវាជួលរថយន្តដែលមានលក្ខណៈល្អបំផុតចំពោះអតិថិជន ដែលមានតម្រូវការប្រើប្រាស់រថយន្តក្នុងរយៈពេលខ្លីផងដែរ។


៧. ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី៖ ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៦ ដើម្បីដំណើរការប្រតិបត្តិការជាភាគីទីបី ដោយផ្តល់សេវាផ្ទេរប្រាក់ និងសេវាទូទាត់ និងប្រគល់ដោយធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB Bank) ។ ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី មានចក្ខុវិស័យជាយុទ្ធសាស្រ្តច្បាស់លាស់ក្នុងការផ្តល់សេវាផ្ទេរប្រាក់ និងសេវាទូទាត់ប្រាក់ តាមរយៈការសហការភាពជាដៃគូយូរអង្វែងជាមួយភ្នាក់ងារ និងយុទ្ធសាស្រ្តពង្រីកទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងពេលខាងមុខ ដោយប្រើបច្ចេកវិទ្យាទំនើប និងស្តង់ដារ ដើម្បីធានាឱ្យបានទ្វេដងនូវសន្តិសុខ និងទំនុកចិត្ត។

៨. ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក៖ ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ២០១៧ ដោយបានទទួលអាជ្ញាប័ណ្ណប្រតិបត្តិការអាជីវកម្ម ធានារ៉ាប់រងទូទៅពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៧ ។ ក្រុមហ៊ុនមានដើមទុនចុះបញ្ជីសរុប ចំនួន ៧,៧លានដុល្លារអាមេរិក និងបានចាប់ផ្តើមបើកដំណើរការជាផ្លូវការនៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៨ ។ ក្រុមហ៊ុន បានផ្តល់ជូននូវផលិតផលសេវាធានារ៉ាប់រងទូទៅ និងសេវាកម្មដែលត្រឹមត្រូវតាមច្បាប់ ដូចជា ធានារ៉ាប់រងលើទ្រព្យសម្បត្តិ ធានារ៉ាប់រងផ្នែកវិស្វកម្ម ការធានារ៉ាប់រងលើយានយន្ត ការធានារ៉ាប់រងលើអត្ថប្រយោជន៍និយោជិត និងធានារ៉ាប់រងផ្សេងៗទៀត៕

