ផ្ទះកីឡាករ ឡុង ជិន បានបាក់រលំខ្ទិចអស់ដោយគ្រោះធម្មជាតិ គឺខ្យល់ខ្លាំងពេក កាលពីល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិអន្លង់ខ្លែង ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។ ភ្លាមៗមិនបង្អង់យូរលោកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ បានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន ១០លានរៀល ដើម្បីសង់ផ្ទះឡើងវិញជូនគ្រួសារ កីឡាករ ឡុង ជិន។

តាមរយៈវីដេអូប្រមាណជាង ៣០វិនាទី កីឡាករ ឡុង ជិន បានសម្តែងការថ្លែងអំណរអរគុណជូនចំពោះលោកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ វ៉ន សុមេតា ដែលបានឧបត្ថម្ភថវិកា ១០លានរៀល ក្នុងការជួយសាងសង់ផ្ទះឲ្យលោកបានស្នាក់នៅបន្តទៀត។

សូមស្តាប់ការលើកឡើងរបស់កីឡាករ ឡុង ជិន៖
អ្នកលេងគុនខ្មែរ ឡុង ជិន គឺជាកីឡាករប្រដាល់ម្នាក់ដែលឈរលើសង្វានជាង ១០ឆ្នាំ ហើយកំពុងទទួលបានប្រជាប្រិយភាព ពីអ្នកនិយមគុនខ្មែរ ខណៈដែលលោកក៏ធ្លាប់ជាម្ចាស់ខ្សែក្រវាត់ប្រាក់នៅស្ថានីយ៍ទូរទស្សន៍ PNN ផងដែរ៕

