ក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ (Attwood Import Export) ដែលមានលោកជំទាវឧកញ៉ា លឹម ឈីវហូ ជាអគ្គនាយិកា កំពុងនាំចូលនិងចែកចាយផ្តាច់មុខនូវប្រភេទស្រាថ្លៃៗដូចជា ស្រាវីស្គី និងស្រាបៀរ ជាច្រើនប្រភេទ រហូតដល់ទៅជាង ១៥មុខ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។

ប្រភេទស្រា និងស្រាបៀរ ដែលក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ កំពុងចែកចាយលក់ពេញ ២៥រាជធានី ខេត្ត នៃប្រទេសកម្ពុជា មានដូចជា Hennessy, Johnnie Walker, Katsuyama, Corona Extra, Budweiser, Chang Beer, Moet & Chandon, Glenmorangie, Belvedere Vodka, Terrazas, Chandon, Cloudy Bay (New Zealand), Krug, Becks Ice, Veuve Clicquot, Cheval Andes។ ក្រៅពីប្រភេទស្រា ក្រុមហ៊ុនក៏បានផលិតចែកចាយលក់ទឹកបរិសុទ្ធយីហោ “ណាវី”។

សូមបញ្ជាក់ថា លោកជំទាវឧកញ៉ា លឹម ឈីវហូ ត្រូវបានគេចាត់ទុកជាកំពូលស្ត្រីម្នាក់ដែលលេចធ្លោរខ្លាំងក្នុងវិស័យជំនួញនៅកម្ពុជា។ លោកជំទាវ បានចាប់ផ្តើមអាជីវកម្មដំបូងនៅពាក់កណ្តាលឆ្នាំ១៩៩០ និងបានកសាងឈ្មោះក្លាយជាថៅកែស្រី រហូតដល់អ្នកជំនួញជាតិ-អន្តរជាតិ ទទួលស្គាល់កេរ្តិ៍ឈ្មោះរបស់លោកជំទាវកាន់តែច្រើន តាមរយៈការបោះទុនវិនិយោគតំបន់ពាណិជ្ជកម្ម អ៊ែតវូត (ទីតាំង៖ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ) និងតំបន់មួយចំនួនទៀត។ បន្ថែមពីនេះ លោកជំទាវ ក៏ជាប្រធានក្រុមហ៊ុនមេ LCH Investment Group ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនទៀតផងដែរ៕

