អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជូនដំណឹងដល់សាធារណៈជន និងប្រជាជនកម្ពុជាទាំងអស់ ប្រយ័ត្នចាញ់បោកជនទុច្ចរិត ដែលបានយកឈ្មោះ វីដេអូ និងរូបភាពរបស់លោក ទៅបង្កើតគណនីហ្វេកប៊ុកក្លែងក្លាយ ក្នុងចេតនាមិនល្អ។

អគ្គនាយក បុរី ឡេង ណាវ៉ាត្រា រូបនេះ បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅព្រឹកនេះថា៖ «សូមជម្រាប ពុក ម៉ែ បងប្អូន និងប្រិយមិត្តទាំងអស់គ្នាមេត្តាជ្រាបថា ថ្មីៗនេះខ្ញុំបាទទទួលបានព័ត៌មានថា មានទំព័រហ្វេសប៊ុកមួយចំនួន ដែលមានការផ្សព្វផ្សាយ និងយកវីដេអូ និងរូបភាពខ្ញុំបាទទៅប្រើប្រាស់ក្នុងរូបភាព និងចេតនាមិនល្អ មានដូចក្នុងរូបភាពដែលបានបង្ហាញនេះ។ ទំព័រហ្វេសប៊ុក (Page) ទាំងនេះមិនមែនជាគណនីរបស់ខ្ញុំទេ ដូចនេះសូមមិត្តទាំងអស់គ្នាប្រយ័ត្នចាញ់បោក អាខោននេះ»។
អ្នកឧកញ៉ាបញ្ជាក់បន្ថែមថា៖ ទំព័រហ្វេសប៊ុក (Page) របស់លោកប្រើគឺមានតែមួយគត់ គឺ (Leng Navatra ឡេង ណាវ៉ាត្រា ) ដែលមានសញ្ញាគ្រីស នេះ។ ហើយជនដែលយករូបអ្នកឧកញ៉ា យកទៅបង្កើតជាគណនីក្លែងក្លាយ ឈប់ជាបន្ទាន់ ខណៈដែលក្រុមការងារកំពុងរៀបចំវិធានការតាមច្បាប់។
ទន្ទឹមនឹងនោះ អ្នកឧកញ៉ាក៏ស្នើសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាជួយ Report ដើម្បីអោយ Facebook លុបគណនីខាងលើ កុំឲ្យដើរបោកប្រាស់គេឯងទៀត៕








