នាយទុនវិនិយោគក្នុងពហុវិស័យជាមួយនឹងភាពលេចធ្លោល្បីឈ្មោះក្នុងពិភពជំនួញនៅកម្ពុជា ឧកញ៉ា ឈឹម បញ្ញា បានលើកទឹកចិត្តឲ្យយុវជន ឬអ្នកដែលចង់ក្លាយជាពាណិជ្ជករជោគជ័យ សូមកុំបង្កើតសត្រូវជាមួយអ្នករកស៊ីក្នុងវិស័យដែលគ្រោងនឹងរកស៊ីឲ្យសោះ ព្រោះទង្វើនោះមិនមែនជាមាគ៌ាដ៏ត្រឹមត្រូវ និងជាដើមទុនធ្វើឲ្យយើងជោគជ័យក្នុងអាជីវកម្មនោះទេ។

ឧកញ៉ា ឈឹម បញ្ញា អគ្គនាយកក្រុមហ៊ុន បុរី ចន្ទ ខាស់សល បានថ្លែងប្រាប់សារព័ត៌មានឧកញ៉ាញូស៍ ថា៖ «ធ្វើការ ឬរកស៊ីអ្វីក៏ដោយ សូមកុំបង្កើតសត្រូវក្នុងវិស័យនោះ ប៉ុន្តែយកគេជាមិត្តវិញ។ សម្រាប់ខ្ញុំ មិត្តភ័ក្ររបស់ខ្ញុំសុទ្ធតែជាអ្នកសាងសង់បុរី ដូច្នេះយើងត្រូវរៀនពីគេ ហើយគេក៏ត្រូវរៀនសូត្រពីយើងដូចគ្នា»។
លោកឧកញ៉ាបន្តថា នៅពេលដែលយើងរាប់អានមនុស្សកាន់តែច្រើន គឺកាន់តែល្អសម្រាប់អភិវឌ្ឍអាជីវកម្មរបស់ខ្លួន។
ព្រោះពេលជជែកគ្នា គេក៏បានយោបល់ យើងក៏ផ្តល់មតិយោបល់ល្អៗទៅកាន់គេវិញ។ សរុបមកវិញ កុំចាត់ទុកគេជាដៃគូរប្រកួតប្រជែងស្លាប់រស់ ប៉ុន្តែត្រូវចាត់ទុកជាគ្រូវិញល្អជាង។

ជាមួយគ្នានេះដែរ លោកឧកញ៉ាអគ្គនាយក បុរី ចន្ទ ខាស់សល ក៏បានបង្ហើបផងដែរនៅចំណុចគន្លឹះសម្រាប់យុវជន ឬអ្នកដែលគ្រោងចាប់ផ្តើមអាជីវកម្ម ត្រូវកាន់ភ្ជាប់ជាយុទ្ធសាស្រ្តធ្វើឲ្យការរកស៊ីជោគជ័យ។ ទី១ ត្រូវពិនិត្យមើលចំណង់ចំណូលចិត្តរបស់ខ្លួន ហើយធ្វើអ្វីដែលជាការស្រឡាញ់របស់យើង ទី២ ពេលវេលា គឺមានពេលវេលាគ្រប់គ្រាន់នៅក្នុងអាជីវកម្ម និងទី៣ ត្រូវស្គាល់មនុស្សឲ្យបានច្រើន ដោយបង្កើនការទំនាក់ទំនង ជាពិសេសជាមួយអ្នកជំនួញក្នុងវិស័យដូចគ្នា។

លោកឧកញ៉ាបញ្ជាក់បន្ថែមថា៖ «ក្នុងនាមអ្នករកស៊ីថ្មីថ្មោងក្តី ឬចាស់វស្សាក្តី គួរចេញដើរមើលវឌ្ឍនភាពការអភិវឌ្ឍសង្គម និងមើលតម្រូវការ ចំណង់ចំណូលចិត្តរបស់អតិថិជនឲ្យបានច្បាស់លាស់ នោះអាជីវកម្មរបស់យើងនឹងជោគជ័យរីកចម្រើន៕
