ក្រៅពីការ៉ាសលក់ឡាន S-AUTO ការពិតឧកញ៉ា សេម មានមុខជំនួញខ្នាតធំ៦ទៀត

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ប៊ុន រតនា ហៅថា “សេម” ម្ចាស់អាជីវកម្ម​ទិញ-​លក់​រថយន្ត​ដ៏​ធំ​ S-Auto ​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​​ តាម​រយៈ​ការ​បង្ហាញ​មុខ​លើ​បណ្តាញ​សង្គម​​ហ្វេសប៊ុក​ក្នុង​ការ​ផ្ទាយផ្ទាល់​​លក់​រថយន្ត​​ផ្សេងៗ នៅ​ក្នុង​ការ៉ាស​​របស់​លោក ដែល​​​មាន​ទីតាំង​នៅ​លើ​ផ្លូវ​ឯកឧត្តម​ ​​ជា សុផារ៉ា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការពិត​​​ក្រៅ​ពី​អាជីវកម្ម​ទិញ-លក់​រថយន្ត​ S-Auto បច្ចុប្បន្ន​នេះ​​​លោក​ឧកញ៉ា ​​នៅ​មាន​អាជីវកម្ម​ធំៗ​ចំនួន​៦​ផ្សេង​ទៀត។ ក្នុង​វេទិកា “ជំនួប​ម្ចាស់​អាជីវកម្ម និង​ហ្វ្រេនឆាយ២០២២” កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២២​ ឧកញ៉ា ប៊ុន រតនា ​​បាន​បង្ហាញ​ឱ្យ​សាធារណៈជន​ដឹង​ថា ​​លោក​កំពុង​មាន​អាជីវកម្មឬ​មុខ​ជំនួញ​ធំៗ​សរុបចំនួន ៧ ដែល​មាន​ដូច​ខាង​ក្រោម៖

១. S-AUTO Cambodia៖ ការ៉ាស​ទិញ-លក់​រថយន្ត​ធុនតូច​ប្រភេទ​គ្រួសារ
២. S-AUTO ជួល​រថយន្ត៖ សម្រាប់​ជួល​រថយន្ត​ទំនើបៗ
៣. S-AUTO Sevice៖ ការ៉ាស​​បម្រើ​សេវា​កម្ម​ជួសជុល​រថយន្ត
៤. អេសឆ្ងាញ់៖ លក់​បោះដុំ​ទាខ្វៃ (បង្កើត​ឡើង​សម័យ​កូវីដ-១៩)
៥. លំហែរ៖ អភិវឌ្ឍន៍​គម្រោង​ផ្ទះ​លំហែ​ទំនើប ជាយក្រុង ចម្ងាយ​ប្រហែល​៣០​គីឡូម៉ែត្រ​ពី​រាជធានីភ្នំពេញ ​​នឹង​ចាប់​ផ្តើម​លក់​នៅ​ខែ​សីហា ឬ​ខែ​កញ្ញា ឆ្នាំ​២០២២
៦. ហាងលក់ពេជ្រ ឈីវែលរី (ទុន​៥០% ជាមួយ​ភរិយា)៖ លក់គ្រឿង​អលង្ការ​មាស​ពេជ្រ ​​នឹង​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​០៧ ខែ​សីហា ឆ្នាំ​២០២២។
៧. Amazing Family Trading Co.,Ltd (ទុន​៥០% ជាមួយ​ភរិយា)៖ នាំ​ចូល​ចែក​ចាយ​គ្រឿង​សំអាង​សាប៊ូរ។

លោក​ឧកញ៉ា ​​បាន​បញ្ជាក់​បន្ថែម​ថា មូលហេតុ​នាំ​​ឱ្យ​លោក​បង្កើត​ “អេសឆ្ងាញ់” គឺដោយសារ​សម័យ​កូវីដ-១៩ ធ្វើ​ឱ្យ​ចំណូល​ពី​​វិស័យ​រថយន្ត​ស្ទើរ​តែ​គ្មាន ដូច្នេះ​បាន​ធ្វើ​ឱ្យ​​លោក​មាន​គំនិត​​ទៅ​បង្កើត​មុខ​ជំនួញ​លើ​វិស័យ​អាហារ​វិញ។ បទពិសោធន៍​កូវីដ-១៩ បាន​ធ្វើ​ឱ្យ​លោក​យល់​ថា លោក​​គួរ​តែ​បង្កើត​មុខ​ជំនួញ​លើ​វិស័យ​ផ្សេងៗ​ទៀត ​​ដើម្បី​ការពារ​ហានិភ័យ ដូច្នេះ​ហើយ​​​ទើប​​​បាន​បន្ថែម​ជំនួញ​​វិស័យ​ដទៃ​ទៀត​ទាក់ទង​​នឹង​​អចលនទ្រព្យ (លំហែរ), គ្រឿង​សំអាង និង​ហាង​​លក់​ពេជ្រ​​ ជា​ដើម។

ឧកញ៉ា សេម បាន​​​លើក​ឡើង​ថា៖ “ពេល​កូវីដ-១៩ មក​ដល់​​ខ្លាំង​ នាំ​ឱ្យ​បិទ​ទីក្រុង ធ្វើ​ឱ្យ​គាំង​ចរន្ត​សាច់​ប្រាក់។ ខ្ញុំ​ចាប់​ផ្តើម​ដឹង​ខ្លួន​ថា ខ្ញុំ​រកស៊ី​ជា​ច្រើន​​ មាន​តែ​ឡាន​មួយ​មុខ ដូច្នេះ​ហើយ​លុយ​អត់​ចូល​ទាំង​អស់។ ពេល​​នោះ​ខ្ញុំ​គិត​ថា ​​ខ្ញុំ​មិន​គួរ​មាន​អាជីវកម្ម​តែ​មួយ​វិស័យ​ទៀត​ទេ គួរ​តែ​មាន​វិស័យ​អ្វី​ផ្សេង​ទៀត។ អញ្ចឹង​ក៏​​ឃើញ​វិស័យ​ចំណី​អាហារ​ កូវីដ​ហើយ​នៅ​តែ​លុយ​ចូល​ទៀត ដូច្នេះ​ក៏​បង្កើត​ «អេសឆ្ងាញ់» មួយ។ បន្ទាប់​មក ​ខ្ញុំ​ចាប់​ផ្តើម​ចេញ​យុទ្ធសាស្ត្រ​មុំ​ចង្ក្រាន្ត ​គឺ​រក​ស៊ី​ត្រូវ​តែ​មាន​៣ ឬ​៤​វិស័យ។ ឧទាហរណ៍ បើ​មាន​បញ្ហា​កូវីដ-១៩ ប៉ះ​ពាល់​៣​វិស័យ ក៏​សល់​៤​វិស័យ​ដែរ”។

សូម​បញ្ជាក់​ថា មុខ​ជំនួញ​ទាំង​៧​ខាង​លើ​នេះ ឧកញ៉ា ប៊ុន រតនា ​​បាន​​ដាក់​បញ្ចូល​ក្នុង​ក្រុមហ៊ុន​មេ​មួយ​ឈ្មោះ​ថា “Amazing Wholding”។ ឧកញ៉ា ប៊ុន រតនា ​គឺជា​អតីត​​អ្នក​ដឹក​នាំ​សម្តែង​ក្នុង​ផលិតកម្ម​ថោន បន្ទាប់​មក​លោក​បែរ​មក​ប្រកប​អាជីវកម្ម​​លើ​វិស័យ​រថយន្ត។ ភាព​ជោគជ័យ​លើ​អាជីវកម្ម​ជា​បន្ត​បន្ទាប់ បាន​ធ្វើ​ឱ្យ​លោក​​ទទួល​បាន​គោរមងារ​​ជា “ឧកញ៉ា”​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២០៕