ជាកិច្ចតបស្នងសងគុណចំពោះលោកអ្នកមានគុណផង ជាការថែរក្សាប្រពៃណីជាតិខ្មែរ តាមពុទ្ធសាសនវិធីផង ឧកញ៉ា សុខ ស្រស់ ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ ឧទ្ទិសកុសលជូនមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ មាស សំអាត ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ។

កម្មវិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ មាស សំអាត ជាបិតាបង្កើតឧកញ៉ា សុខ ស្រស់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជាមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង មានការនិមន្តនិងអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាល អ្នកឧកញ៉ា ឧកញ៉ា និងញាតិមិត្តជិតឆ្ងាយជាច្រើនរូបទៀត បង្ហាញវត្តមាន នាភូមិគ្រឹះនៅក្រុងតាខ្មៅ ខេត្តកណ្តាល។

ដើម្បីជាការថ្លែងអំណរគុណព្រះគុណ និងអរគុណ ចំពោះព្រះវត្តមាន និងវត្តមាន សម្តេចព្រះសង្ឃនាយករង សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលចំណាយពេលវេលាដ៏មានតម្លៃចូលរួមកម្មវិធីបុណ្យនាពេលនេះ ឧកញ៉ា សុខ ស្រស់ និងក្រុមគ្រួសារ សូមថ្លែងអំណរអរគុណ សម្តេចព្រះសង្ឃនាយក សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ សូមជួបតែពុទ្ធពរ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីអាក់ខានឡើយ។


















