នៅថ្ងៃទី៣០ ខែមិថុនានេះ អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី ដែលជាមហាសេដ្ឋីដៃទូលាយមួយរូបនៅកម្ពុជា បានចែករថយន្តទំនើបមួយគ្រឿង ជូនដល់បុគ្គលិកឆ្នើមរបស់លោកម្នាក់ ដែលខិតខំបំពេញការងារទទួលបានលទ្ធផលល្អ រយៈពេល៣ខែកន្លងមកនេះ។

អ្នកឧកញ៉ា បានបង្ហោះរូបភាពប្រគល់រថយន្ត ភ្ជាប់ជាមួយសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ “អបអរសាទរ! លោកនាយក លន់ ពៅ ជាបុគ្គលិកឆ្នើម និងគំរូ នៃសាលាបញ្ញាសាស្ត្រអន្តរជាតិ-អ្នកឧកញ៉ា ហុង ពីវ ត្រឹមតែរយ:ពេល ៣ខែ លោកបានរួមចំណែកបង្កើតសមិទ្ធផលជាច្រើន!”។

សូមជម្រាបថា ក្រៅពីជំនួញបុរីផ្ទះល្វែង និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី អ្នកឧកញ៉ា ហុង ពីវ ក៏ជាស្ថាបនិកនៃសាលាបញ្ញាសាស្ត្រអន្តរជាតិ-អ្នកឧកញ៉ា ហុង ពីវ ដែលមានជាច្រើនសាខាផងដែរដូចជា សាខា ឈូកវ៉ា ២, សាខា កួរស្រូវ ២ (សម្ពោធថ្ងៃទី ០២-០៣ ខែកក្កដា), សាខា ផ្លូវជាតិលេខ ៣ និងសាខា កំបូល ៣។ សាលារៀនទាំងអស់នេះ គឺនៅតាមទីតាំងក្នុងបុរីពិភពថ្មី ហើយបង្រៀនទៅលើចំណេះដឹងទូទៅ និងភាសាអង់គ្លេស ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២៕

