ម្តាយឪពុក ថៅកែ ក្រុមហ៊ុនផលិតទឹកបរិសុទ្ធ វីតាល់ ហើយក៏ជាអគ្គនាយិកាក្រុមហ៊ុនផលិត មីជាតិ អ្នកឧកញ៉ា ជឹង សុគន្ធាវី គឺអ្នកឧកញ៉ា ឡាវ ម៉េងឃីន និងភរិយា អ្នកឧកញ៉ា ជឹង សុភាព បានប្រកាសបរិច្ចាគថវិកាចំនួន ១លានដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា។

ការចូលរួមបរិច្ចាគថវិកានេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជននានា ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបោសសំអាតមីននៅកម្ពុជា។ ការថ្លែងរបស់សម្តេចតេជោ ពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ នៅទីតាំងអាងទឹកត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ។
ថ្លែងក្នុងឱកាសនោះដែរ សម្តេចតេជោ នាយកដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអំពាវនាវដល់វិស័យឯកជន ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបោសសំអាតមីន សម្តេចសូមអរគុណទុកជាមុន។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់អាជ្ញាធរមីនបានបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២ ដល់ខែឧសភា ឆ្នាំ២០២២ ការបោសសម្អាតមីន នៅទូទាំងប្រទេស សម្រេចបានផ្ទៃដីចំនួន ២ ៤១០ ២៤៦ ៥៦២ ម៉ែត្រក្រឡា និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១ ១៤០ ៧៩៤គ្រាប់ មីនតោនចំនួន ២៦ ០៤៣គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៣ ០០៣ ៨៣៥គ្រាប់។ ដោយឡែកផ្ទៃដីដែលនៅសល់ ចំនួន ១ ៩៩០ គីឡូម៉ែត្រក្រឡា (ស្មើនឹងចម្ការមីន/គ្រាប់ចំនួន ១៤ ១២១ចម្ការ)៕