ការជ្រើសរើសមុខជំនាញសិក្សា គឺពិតជាមានសារៈសំខាន់ សម្រាប់បំពេញតម្រូវការទីផ្សារ វានឹងផ្ដល់ភាពងាយស្រួលក្នុងការរកការងារបានឆាប់រហ័ស ប៉ុន្តែបើរើសជំនាញដែលពុំសូវត្រូវប៉ាន់អាចនឹងនាំឱ្យពិបាកក្នុងការររកការងារ។ សម្រាប់ទីផ្សារកម្ពុជាបច្ចុប្បន្នជំនាញមួយចំនួនកំពុងខ្វះខាតដើម្បីបំពេញតម្រូវការឲ្យក្រុមហ៊ុន រោងចក្រ សហគ្រាស ក្នុងដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួន។
ម្ចាស់ក្រុមហ៊ុនជាច្រើនបានសម្តែងការនូវក្តីបារម្ភខាងជំនាញបច្ចេកទេសដែលធ្វើឲ្យពួកគេបង្ខំចិត្ដ ទៅរកអ្នកជំនាញពីក្រៅប្រទេសមកវិញ ដែលមានតម្លៃថ្លៃ និងមិនបានធ្វើការងារជាប់លាប់នោះឡើយដោយអ្នកជំនាញទាំងនោះច្រើនតែសុំទៅលេងប្រទេសខ្លួន ដែលនាំឲ្យរំខានដល់ចង្វាក់ផលិតកម្ម។
ក្នុងនាមជាសហគ្រិនដែលបានធ្វើដំណើរច្រើនប្រទេសជុំវិញពិភពលោក និងជាម្ចាស់ក្រុមហ៊ុនកំពុងឈរជើងក្នុងទីផ្សារផងនោះ ឧកញ៉ា សុំ សុខនឿន អគ្គនាយកក្រុមហ៊ុន KW SAM SN Realty និងជាប្រធានសមាគមអចលនទ្រព្យសកល បានព្យាករណនៅជំនាញមួយចំនួនដែលនឹងមានតម្រូវការខ្ពស់នាពេលអនាគត ខណៈបច្ចុប្បន្នកំពុងមានតម្រូវការខ្ពស់។
លោកឧកញ៉ាថ្លែង៖ «នៅពេលអនាគតកម្ពុជាយើងត្រូវការបំផុតនោះ គឺផ្នែកអាជីវកម្មខាងបច្ចេកវិទ្យា ព្រោះប្រទេសកម្ពុជាកំពុងមានការរីកចម្រើនរហូត។ អ៊ីចឹង…អ្វីយើងសង្កេតមើលឃើញ ជាទូទៅមហាសេដ្ឋីលើពិភពលោកភាគច្រើន បានមកពីខាងវិស័យបច្ចេកវិទ្យា ហើយសុទ្ធតែជាបច្ចេកវិទ្យាទំនើបៗទៀតផង»។
លោកថា ប្រទេសរីកចម្រើនលើពិភពលោក ភាគច្រើនប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដូច្នេះក្រុមហ៊ុននៅកម្ពុជាភាគច្រើនខ្វះធនធានខាងបច្ចេកវិទ្យា។ ប្រសិនបើចង់មានតម្រូវការខ្ពស់នាពេលអនាគតរៀនខាងបច្ចេកវិទ្យា និងបច្ចេកទេស។ លោកសង្កត់ធ្ងន់ដែរថា ជំនាញបច្ចេកទេសបច្ចុប្បន្នកម្ពុជាក៏កំពុងត្រូវការខ្ពស់ផងដែរ សម្រាប់អភិវឌ្ឍ។
ទោះជាបែបនេះក្តី កម្ពុជានៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងវិស័យឯកជន និងរដ្ឋាភិបាលខ្លួនឯង ក៏កំពុងញ៉ាប់ដៃជើងក្នុងការបង្កើតគោលនយោបាយអភិវឌ្ឍជំនាញខាងបច្ចេកវិទ្យា និងបច្ចេកទេស ដោយបានបង្កើតវិទ្យាស្ថានជំនាញបច្ចេកទេសជាច្រើនផងដែរ។
អ្នកឧកញ៉ា ពុង ឃាវសែ អ្នកជំនួញអាត់កឺស្រុកខ្មែរ និងជាម្ចាស់គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ តម្លៃ ១,៥០០លានដុល្លារអាមេរិក បានណែនាំឲ្យយុវជនងាកមករៀនជំនាញបច្ចេកទេស ដោយលោកបានសង្កត់ធ្ងន់ថាមានក្រុមហ៊ុនវិនិយោគជាច្រើនប្រាប់លោកថា ពួកគេត្រូវការអ្នកជំនាញបច្ចេកទេសមកបំពេញការងារ។
ថ្លែងនៅក្នុង«កម្មវិធីជជែកដេញដោល យុវជនថ្នាក់ជាតិ២០២១» កាលពីពេលកន្លងទៅអ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងថា៖ «មានការបារម្ភមួយរបស់ខ្ញុំថា ក្មេងរបស់យើងៗ ចូលចិត្ដរៀនខាងគណនី គ្រប់គ្រង ហរិញ្ញវត្ថុ ធនាគារ មិនសូវមានអ្នករៀនខាងបច្ចេកទេស សូម្បីតែសាលាតិចណូ ចំពោះកូនសិស្សជានារី ក៏ចុះថ្លៃពាក់កណ្ដាលដែរ ដើម្បីទាក់ទាញនារីឲ្យចូលទៅរៀន»។
អ្នកឧកញ៉ា បន្តថា៖ «បើសិនជាយុវជនចេះនូវជំនាញបច្ចេកទេសនេះ វាគឺជាឱកាសមួយសម្រាប់យើង»។
យ៉ាងណា បើតាមការបញ្ជាក់របស់អ្នកឧកញ៉ា មានក្រុមហ៊ុនបរទេសជាច្រើនបានប្រាប់មកលោកថា ពួកគេត្រូវការអ្នកជំនាញខាងបច្ចេកទេស ហើយនៅកម្ពុជាមិនសូវសំបូរនោះឡើយ ដែលធ្វើឲ្យពួកគេបង្ខំចិត្ដ ទៅរកអ្នកជំនាញពីក្រៅប្រទេសមកវិញ ដែលមានតម្លៃថ្លៃ និងមិនបានធ្វើការងារ បានជាប់លាប់នោះឡើយ ដោយពួកអ្នកជំនាញទាំងនោះ ច្រើនតែសុំទៅលេងប្រទេសខ្លួន ដែលនាំឲ្យរំខានដល់ចង្វាក់ផលិតកម្ម។
បន្ថែមពីនោះ អ្នកឧកញ៉ា ពុង ឃាវសែ មានភាពជឿជាក់ថា ទៅថ្ងៃខាងមុខនេះ កម្ពុជានឹងមានក្រុមហ៊ុនវិនិយោគ ដែលមានជំនាញ បច្ចេកទេសខ្ពស់ពីបរទេស មកវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើន ដូចជាជាក់ស្ដែង កម្ពុជាបានចាប់ផ្ដើម ចាប់យករោងចក្រ ដែលមានបច្ចេកទេសខ្ពស់ នៅតំបន់ឧស្សាហកម្មជប៉ុន នៅផ្លូវជាតិលេខ៤ ជាដើម៕