ឧកញ៉ា លឹម ប៊ុនសួរ ជាពាណិជ្ជករម្នាក់ដែលមិនសូវឃើញបង្ហាញមុខជាសាធារណៈប៉ុន្មាននោះទេ ប៉ុន្តែក្នុងកិច្ចការមនុស្សធម៌វិញកម្របាត់មុខលោកចូលរួមណាស់ កន្លងទៅលោកបានជួយបរិច្ចាគទឹកប្រាក់ដល់រាជរដ្ឋាភិបាល ក្នុងគ្រាកម្ពុជាត្រូវដោះស្រាយបញ្ហាផ្សេងៗ។
លោកជាសហគ្រិនចាស់វស្សាមានគ្រឹះដ៏រឹងមាំក្នុងពិភពមុខជំនួញនៅក្នុងប្រទេសកម្ពុជា។ លោកមានទំនាក់ទំនងស៊ីជម្រៅ និងចាប់ដៃជាមួយនឹងសហគ្រិនគ្រាក់ៗកំពូលៗនៅកម្ពុជាក្នុងការសហការរកស៊ី ដូចជា អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC និងឧកញ៉ា អ៊ឹង ប៊ុនហូវ អគ្គនាយកក្រុមហ៊ុន ING Group បោះទុនអភិវឌ្ឍសាជីវកម្ម និងគម្រោងអភិវឌ្ឍធំៗនៅភ្នំពេញ។
លោក លឹម ប៊ុនសួរ ទទួលបានគោរមងារឧកញ៉ាទី៩៣ ដែលប្រទានដោយព្រះមហាក្សត្រ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០០ តាមរយៈព្រះរាជក្រឹត្យលេខ១២០០/២១៨ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០០។
ដំណែងនៅក្នុងសាជីវកម្មរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធអ្នកឧកញ៉ា ពុង ឃាវសែ ឧកញ៉ា លឹម ប៊ុនសួរ ជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ពាណិជ្ជក្រៅប្រទេសនៃកម្ពុជា FTB និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ING Group របស់ឧកញ៉ា អ៊ឹង ប៊ុនហូវ។ ខណៈដែលមហាសេដ្ឋីទាំងពីរូបនេះ បានឈរក្នុងពិភពជំនួញយ៉ាងរឹងមាំបំផុតនៅកម្ពុជារាប់ទស្សវត្សរ៍មកហើយ។
ឧកញ៉ា លឹម ប៊ុនសួរ គឺជាពាណិជ្ជករ នៅក្រោយគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបមួយ ឈ្មោះថា ទីក្រុងនាគ ស្ថិតនៅក្នុងទីក្រុងរណបតំបន់បឹងទំពុន និងជើងឯកជាមួយក្រុមហ៊ុន ខូសវ៉េបេ គ្រុប និងក្រុមហ៊ុន ស៊ីណូ បេ ខន់ស្ត្រាក់សិន អ៊ីនវេសមេន មកពីទីក្រុងហុងកុង។
អភិវឌ្ឍទីក្រុងនាគនៅក្នុងតំបន់បឹងទំពុន និងជើងឯកលើផ្ទៃដី ៥,៤ ហិកតាតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ដែលចាប់ផ្តើមក្នុងឆ្នាំ ២០២០ ប៉ុន្តែមកទល់ពេលបច្ចុប្បន្នគម្រោងនេះមិនទាន់ឃើញមានវឌ្ឍនភាពលេចចេញជារូបរៀងនៅឡើយ។ ប្រសិនបើមិនមានអ្វីប្រែប្រួលទេ គម្រោងនេះនឹងពង្រីកគ្របដណ្តប់លើផ្ទៃដីរហូតដល់ ២៥ ហិកតា។
គួររម្លឹកថា ការអភិវឌ្ឍទីក្រុងរណប អ៊ីង ស៊ីធី (ING City) បានចាប់ផ្តើមកាលពីឆ្នាំ ២០០៧ ហើយមហាវិថីសម្តេចតេជោ ហ៊ុន សែន ដែលលាតសន្ធឹងប្រវែង ៩,១ គីឡូម៉ែត្រត្រូវបានដាក់ឲ្យប្រើប្រាស់ជាសាធារណៈកាលពីខែមេសា ឆ្នាំ ២០១៧។ ការអភិវឌ្ឍតំបន់បឹងទំពុន និងជើងឯកគឺដើរស្របគ្នានឹងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលចង្អុលបង្ហាញពីយុទ្ធសាស្ត្រពង្រីកទីក្រុងទៅភាគខាងត្បូងរាជធានីភ្នំពេញ៕