អ្នកឧកញ៉ា ឧកញ៉ា និងលោកជំទាវឧកញ៉ា នៅក្នុងសមាគមឧកញ៉ាកម្ពុជា ចំនួន ៥៧រូប បានចូលរួមជាថវិកាចំនួន ១,៧៤២,៩១០ ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល សម្រាប់ការគាំទ្រដល់ដំណើរការនៃសកម្មភាពបោសសំអាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមលិខិតចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា។

ការចូលរួមបរិច្ចាគថវិកានេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជននានា ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបោសសំអាតមីននៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកានេះ។

ការអំពាវនាវរបស់សម្តេចធ្វើឡើងបន្ទាប់ពី សម្តេចទទួលបានរបាយការណ៍ពីស្ថានភាព នៃការគំរាមកំហែងយ៉ាងខ្លាំងដោយគ្រាប់មីនចំពោះប្រជាពលរដ្ឋ ក្នុងឱកាសសម្តេចអញ្ជើញលែងកូនត្រី នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២៕

