នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហោះសារលើបណ្តាញសង្គមចូលរួមអបអរសាទរខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់យូណេស្កូ។

តាមរយៈសារលើហ្វេសប៊ុក អ្នកឧកញ៉ា បានលើកឡើងថា៖ “ថ្ងៃនេះ ទី៧ ខែកក្កដា ឆ្នាំ២០២២ គឺជាខួបលើកទី១៤ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ក្នុងនាមខ្ញុំជាជនជាតិខ្មែរ ខ្ញុំពិតជាមានមោទកភាព និងដឹងគុណយ៉ាងខ្លាំងចំពោះចក្ខុវិស័យដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះការអភិរក្សបេតិកភណ្ឌរបស់ប្រទេស រួមមានប្រាសាទព្រះវិហារ និងចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ ដែលកំពុងខិតខំថែរក្សាការពារគុណតម្លៃ និងយថាភាព ជាបូជនីយដ្ឋានប្រវត្តិសាស្ត្រដ៏លេចធ្លោមួយនៅកម្ពុជា”។

ប្រាសាទព្រះវិហារ ត្រូវបានសាងសង់នៅលើប្លង់អ័ក្សប្រវែង៨០០ម៉ែត្រ តភ្ជាប់ដោយប្រព័ន្ធកម្រាលថ្ម និងជណ្ដើរ។ ប្រាសាទព្រះវិហារគឺជាស្នាដៃឯកដ៏អស្ចារ្យនៃសិល្បៈខ្មែរ លើផ្នែករៀបចំ ភាពលម្អិតនៃការរចនាស្ថាបត្យកម្មរបស់ប្រាសាទ និងឱ្យយើងមើលឃើញទេសភាពបរិស្ថានដ៏ស្រស់ស្អាត។

អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់បន្ថែមថា នេះជាការចាំបាច់ណាស់ដែលយើងជាកូនខ្មែរ ត្រូវឲ្យតម្លៃ គោរព អប់រំ និងអភិរក្សមរតករបស់យើង។ កិច្ចការដែលត្រូវធ្វើរួមគ្នាគឺការអប់រំ ការអភិរក្ស និងការលើកកម្ពស់វប្បធម៌ និងបេតិកភណ្ឌរបស់យើង ដើម្បីលើកតម្កើងបេតិកភណ្ឌពិភពលោក និងចូលរួមចែករំលែកតម្លៃនៃសន្តិភាព ការគោរព និងការយោគយល់គ្នារវាងមនុស្ស និងវប្បធម៌៕

