សាលាដំបូងរាជធានីភ្នំពេញ សម្រេចបន្តឃុំខ្លួនឧកញ៉ា ឌួង ងៀប នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ ការសម្រេចរបស់ចៅក្រមនេះ គឺធ្វើឡើងបន្ទាប់ពីតុលាការ បានលើកយកបណ្តឹងសុំនៅក្រៅឃុំរបស់លោក ឌួង ងៀប មកជំនុំជម្រះ កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ តាមការស្នើសុំរបស់ជនត្រូវចោទ។

លោក ឌួង ងៀប ដែលមានតួនាទីជាឧត្តមសេនីយ៍នៅក្រសួងមហាផ្ទៃ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន» មានទឹកប្រាក់ជាង៧លានដុល្លារ ដែលត្រូវបានប្ដឹងដោយអ្នកវិនិយោគជនជាតិចិនតៃវ៉ាន់ចំនួន២នាក់។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ឃាត់ខ្លួន លោ៧ ឌួង ងៀប រួចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ន (នៅក្នុង PJ) ដើម្បីរង់ចាំទទួលការជំនុំជម្រះទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងបទល្មើសក្លែងឯកសារ ឆបោក និងចេញសែកច្រើនលានដុល្លារប្រព្រឹត្តកាលពីចន្លោះឆ្នាំ២០២០-២០២១៕