ឧកញ៉ា ឃន ឈុនដារ៉ា និង លោកជំទាវតាំង គីមហៀង ម្ចាស់ប្រេនហាងកាហ្វេ Koi. & TUBE បានប្រកាសបរិច្ចាកថវិកាចំនួន ២ ០០០ ដុល្លារ ដើម្បីចួលរួមជាមួយរដ្ឋាភិបាលគាំទ្រកម្មវិធីសំអាតមីននៅកម្ពុជា។
ការចូលរួមបរិច្ចាគថវិកានេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជនចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបញ្ចប់ឲ្យអស់នៅបញ្ហាគ្រាប់មីននៅកម្ពុជា។



ក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ ដែលបានប្រារព្ធឡើងនៅទីតាំងអាងទឹកត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់វិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបោសសំអាតមីន។
បើតាមប្រមុខរដ្ឋាភិបាល មកដល់ពេលនេះ រដ្ឋាភិបាលបានទទួលថវិកាជិត ១៥ លានដុល្លារ សម្រាប់ជំនួយដោះមីនដែលទទួលបានពីសប្បុរសជន។
តាមរបាយការណ៍របស់អាជ្ញាធរមីនបានបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២ ដល់ខែឧសភា ឆ្នាំ២០២២ ការបោសសម្អាតមីន នៅទូទាំងប្រទេស សម្រេចបានផ្ទៃដីចំនួន ២ ៤១០ ២៤៦ ៥៦២ ម៉ែត្រក្រឡា និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១ ១៤០ ៧៩៤គ្រាប់ មីនតោនចំនួន ២៦ ០៤៣គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៣ ០០៣ ៨៣៥គ្រាប់។ ដោយឡែកផ្ទៃដីដែលនៅសល់ ចំនួន ១ ៩៩០ គីឡូម៉ែត្រក្រឡា (ស្មើនឹងចម្ការមីន/គ្រាប់ចំនួន ១៤ ១២១ចម្ការ)៕