ឧកញ៉ាបណ្ឌិត លី ឆេង ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប បានលើកឡើងថា “សុខភាពបុគ្គលិក គឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន”។
ការលើកឡើងខាងលើនេះ គឺក្នុងឱកាសដែលលោកឧកញ៉ា បានដឹកនាំថ្នាក់ដឹកនាំ និងបុគ្គលិកក្រោមឱវាទរបស់លោកមួយចំនួន ធ្វើដំណើរកម្សាន្តទៅកាន់ខេត្តមណ្ឌលគិរី រយៈពេល២យប់ ៣ថ្ងៃ នៅចុងសប្តាហ៍នេះ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។
បណ្ឌិត លី ឆេង បានសរសេរលើទំព័រហ្វេសប៊ុក កាលពីថ្ងៃសុក្រម្សិលមិញថា៖ “«សុខភាពបុគ្គលិកគឺ ជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន» អបអរសាទរដំណើរកម្សាន្តក្នុងស្រុកចុងសប្តាហ៍របស់ថ្នាក់ដឹកនាំប៊ែលធី គ្រុប ទៅកាន់ខេត្តមណ្ឌលគិរី រយៈពេល ២យប់ ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២”។
“នេះជាសកម្មភាពរបស់ថ្នាក់ដឹកនាំ ប៊ែលធី គ្រុប បានអញ្ជើញមកទស្សនាទេសភាពថ្ងៃលិចលើកំពូលភ្នំអន្លង់ស្នេហ៍ ឬដាក់ដាំចាំស្នេហ៍ ដែលជាភ្នំមួយមានទេសភាពស្រស់ស្អាតគ្រប់រដូវកាលមិនថាប្រាំង ឬវស្សា និងជាកន្លែងមួយអាចឱ្យអ្នកថតរូបអនុស្សាវរីយ៍យ៉ាងស្រស់ត្រកាលជាមួយនឹងព្រៃភ្នំ វាលស្មៅដាច់កន្ទុយភ្នែក និងផ្លូវកាច់កុងបត់បែនយ៉ាងវែងអន្លាយដែលអ្នកអាចថតជាប់ពីកំពូលភ្នំ។ បន្ទាប់មក ថ្នាក់ដឹកនាំ បានបន្តអញ្ជើញទៅពិសាអាហារពេលល្ងាច និងមានកម្មវិធីរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ និងស្និតស្នាលក្រៃលែង”។
សូមបញ្ជាក់ថា ឧកញ៉ាបណ្ឌិត លី ឆេង អតីតនាយកវិទ្យាស្ថាន ឆេង ហៀរ និងជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី ហើយបច្ចុប្បន្ននេះ លោកគឺជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងសាលាប៊ែលធី អន្តរជាតិ ដល់ទៅ ១៩ទីតាំងផ្សេងទៀត៕