នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២នេះ ឧកញ៉ា ខេមរៈ សិរីមន្ត ម្ចាស់គម្រោងដីឡូត៍ក្បែរក្រុងសៀមរាប បានចូលរួមអមដំណើរលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ចុះទៅព្យាបាល និងពិនិត្យសុខភាពមាត់ធ្មេញជូនដល់សមាជិកា នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប។ ក្នុងឱកាសនោះដែរ លោកឧកញ៉ា បានចូលរួមចំណែកមនុស្សធម៌ ដោយបរិច្ចាកថវិកាចំនួន ៥០០០ដុល្លារ។

ឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃចន្ទនេះថា៖ “ខ្ញុំពិតជាមានក្តីរីករាយណាស់ ដែលបានអមដំណើរ និងបានចូលរួមចំណែកមនុស្សធម៌នូវថវិកា ៥០០០ដុល្លារ ជាមួយបងស្រី លោកជំទាវ ពេជ ចន្ទមុន្នី ដែលបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ចុះមកព្យាបាលជំងឺ និងពិនិត្យសុខភាពមាត់ធ្មេញ ជូនដល់ក្មួយៗសមាជិកា នៃសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តសៀមរាប និងអាណាព្យាបាល នៅក្នុងវិទ្យាល័យបន្ទាយស្រី កាលពីព្រឹកមិញ”។



គួររំលឹកថា កាលពីថ្ងៃទី០៨ កក្កដា ឆ្នាំ២០២២ លោកឧកញ៉ា ខេមរៈ សិរីមន្ត ទើបតែពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមមួយកម្រិតទៀត ដោយបានចុះកិច្ចព្រមពៀងជាមួយក្រុមហ៊ុន LaMoo BBQ Cambodia បើកអាជីវកម្មសាច់គោ និងសាច់ចៀមអូស្ត្រាលីអាំងបែបបាប៊ីឃ្យូ ដែលកំពុងតែល្បីល្បាញ និងពង្រាយសាខាជាច្រើន ក្នុងរាជធានីភ្នំពេញផងដែរ៕