អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប បានឈានដល់វ័យ ៦៨ឆ្នាំហើយ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ។ ក្នុងឱកាសខួបកំណើតឆ្នាំនេះ លោកឧកញ៉ាបណ្ឌិត ហាក់ដូចជាមានការបារម្ភខ្លាំងចំពោះបញ្ហាសុខភាពរបស់លោក ដោយលោកបានពោលពាក្យថា “មិនដឹងថាខ្ញុំ អាចរស់នៅឃើញពន្លឺព្រះអាទិត្យ បាន១ម៉ឺនថ្ងៃទៀតឬអត់ទេ”។

អ្នកឧកញ៉ា បានសរសេរសារលើទំព័រហ្វេសប៊ុក នៅថ្ងៃនេះថា៖ “១១កក្កដា១៩៥៤-១១កក្កដា២០២២ កើនអាយុបាន១មួយឆ្នាំបន្ថែមទៀតហើយថ្ងៃនេះ។ មិនដឹងថាខ្ញុំអាចរស់នៅឃើញពន្លឺព្រះអាទិត្យ បានមួយម៉ឺនថ្ងៃបន្តទៀតដែរឬអត់ទេ អរគុណច្រើនខ្លាំងណាស់ដល់កូនៗ ដែលបានរៀបចំពិធីខួបកំណើតអោយឪពុក និងសូមអរគុណដល់ញាតិមិត្តជិតឆ្ងាយទាំងអស់គ្នា ដែលបានមកចូលរួមអបអរសាទរក្នុងពិធីនេះ។ បើមើលតាមសកម្មភាពអ្នកមកចូលរួមទាំងអស់គ្នា សុទ្ធតែនៅគោរពស្រឡាញ់ខ្ញុំដូចកាលពីជាង៣០ឆ្នាំមុនដដែលនៅឡើយទេ”។

គួររំឭកថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានធ្វើដំណើរទៅពិនិត្យសុខភាពនៅប្រទេសសិង្ហបុរី និងបានសរសេរសារផងដែរថា៖ “ក្រោយពីបានពិនិត្យសុខភាពរួចរាល់ហេីយ ឃើញថាអាចរស់នៅបន្តទៅមុខទៀតបាន តែមិនដឹងថាអាចបានប៉ុន្មានថ្ងៃខែឆ្នាំតទៅមុខទៀតទេ អាស្រ័យតែទៅលើព្រះលោកកំណត់អោយតែប៉ុណ្ណោះ”។


អ្នកឧកញ៉ា ម៉ុង ឫទ្ធី ដែលមានតំណែងជាសមាជិកព្រឹទ្ធសភា ជាឥស្សរៈជនខ្មែរមួយរូប ទទួលបានការគោរពស្រឡាញ់ជាច្រើនពីប្រជាពលរដ្ឋកម្ពុជា និងអ្នកក្រខ្សត់ ដោយលោកបានវិនិយោគច្រើនលើវិស័យកសិកម្មដូចជា ចំការដូងប្រេង កសិដ្ឋានចិញ្ចឹមសត្វ និងរោងចក្រផលិតចំណីសត្វជាដើម ដែលជួយឱ្យប្រជាជននៅទីជនបទមានការងារធ្វើជាច្រើនផងដែរ៕