ទីផ្សារម៉ូតូ និងរថយន្តនៅកម្ពុជាបច្ចុប្បន្ន កំពុងមានភាពសម្បូរបែប ដោយសារតែមានក្រុមហ៊ុនជាច្រើន បាននាំចូល និងចែកចាយលក់បន្តនូវផលិតផលទំនើបៗទាន់សម័យ មកពីក្រុមហ៊ុនដើមលំដាប់ធំៗនៅលើពិភពលោក។ ថ្ងៃនេះ ឧកញ៉ាញូស៍ សូមណែនាំឱ្យស្គាល់ឧកញ៉ា និងជាអគ្គនាយកក្រុមហ៊ុនខ្មែរចំនួន៤រូប ដែលបាននាំចូល និងលក់ចែកចាយម៉ូតូ និងរថយន្តទំនើបៗនៅកម្ពុជា ដែលមានដូចខាងក្រោម៖
១. ឧកញ៉ា ង៉ូវ លាងហួត ៖ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន HGB Group
ឧកញ៉ា ង៉ូវ លាងហួត ជាអ្នកជំនួញលេចធ្លោមួយរូបនៅកម្ពុជា ប៉ុន្តែលោកមិនសូវចេញមុខចេញមាត់ខ្លាំងនោះទេ។ ឧកញ៉ា ង៉ូវ លាងហួត ជាម្ចាស់ក្រុមហ៊ុន HGB Group ដែលនាំចូលរថយន្តម៉ាកល្បីៗ ប្រណីតៗ និងថ្លៃៗបំផុតនៅលើពិភពលោក ចូលមកទីផ្សារប្រទេសកម្ពុជា។ រថយន្តប្រណីតៗដែលក្រុមហ៊ុន HGB Group នាំចូល និងលក់ចែកចាយនៅកម្ពុជា មានដូចជា៖ Rolls Royce, Bentley, Lamborghini, Aston Martin, McLaren, Maserati, Jeep, RAM, BMW, Volvo, Volkswagen, Kia, Harley-Davidson និង Mazda។
២. ឧកញ៉ា គង់ ងួន ៖ អគ្គនាយកក្រុមហ៊ុន គង់ នួន គ្រុប និងក្រុមហ៊ុន Toyota Cambodia
ក្រុមហ៊ុន គង់ នួន គ្រុប របស់ឧកញ៉ា គង់ នួន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ ហើយត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនធំមួយ ក្នុងការនាំចូល និងចែកចាយគ្រឿងយន្តដូចជា ការនាំចូលនិងចែកចាយគ្រឿងចក្រសាងសង់ផ្លូវ គ្រឿងចក្រសំណង់ និងគ្រឿងចក្រផ្នែកកសិកម្មផ្សេងៗ។ នៅខែធ្នូ ឆ្នាំ២០១៦ ក្រុមហ៊ុន គង់ នួន គ្រុប បានក្លាយជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិនាំចូល និងចែកចាយម៉ូតូយ៉ាម៉ាហា របស់ក្រុមហ៊ុន Yamaha Motor នៃប្រទេសជប៉ុន ក្នុងទីផ្សារប្រទេសកម្ពុជា។ ឧកញ៉ា គង់ នួន ក៏ជាអគ្គនាយកក្រុមហ៊ុន Toyota Cambodia ក្នុងការនាំចូល និងចែកចាយរថយន្តម៉ាក Toyota ផងដែរ។
៣. លោក ងន សាំង ៖ អគ្គនាយកក្រុមហ៊ុន RMA Cambodia (ក្រុមហ៊ុន Ford)
លោក ងន សាំង បានចូលបម្រើការងារនៅក្រុមហ៊ុន RMA ក្នុងឆ្នាំ ១៩៩៦ ក្នុងនាមជាបុគ្គលិកហាត់ការ។ លោកធ្លាប់កាន់តួនាទីសំខាន់ៗជាច្រើនដូចជាក្នុងផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ និងក្រោយមកក៏ត្រូវបានតែងតាំងជាអគ្គនាយករងនិងនាយកផ្នែកហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៧។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្មពីវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី (Asian Instituteof Technology) ពីប្រទេសថៃ។
លោក ងន សាំង ជាជនជាតិខែ្មរទីមួយ ដែលបានទទួលការសិក្សាជំនាញ គ្រប់គ្រងអាជីវកម្ម ពីសាកលវិទ្យាល័យហាវើត ដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិច (Harvard Business School General Management Program)។ ក្រុមហ៊ុន RMA Cambodia ជាក្រុមហ៊ុនមេមួយ ដែលនាំចូលនិងលក់ចែកចាយនូវរថយន្តទំនើប Ford។
៤. ឧកញ៉ា ស៊ីវ ថៃ ៖ អគ្គនាយកក្រុមហ៊ុន OMC
លោកឧកញ៉ា ស៊ីវ ថៃ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គនាយកក្រុមហ៊ុន OMC ដែលបាននាំចូល និងចែកចាយរថយន្តម៉ាក Suzuki មកកាន់ទីផ្សារប្រទេសកម្ពុជា។