ឧកញ៉ា សុខ ស្រស់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង និងក្រុមគ្រួសារ បាននាំទេយ្យទាន និងបច្ច័យបួនប្រគេនព្រះសង្ឃចំនួន ៩វត្ត ស្ថិតនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីទុកជាគ្រឿងទ្រទ្រង់ដល់ការចាំព្រះវស្សារបស់ព្រះសង្ឃអង្គសាមណេរនៅប្រទេសកម្ពុជាអស់ថេរៈពេល ៣ខែ។

ទេយ្យទានក្រុមគ្រួសារឧកញ៉ា សុខ ស្រស់ មានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសារៀបចំប្រគេនព្រះសង្ឃនៅថ្ងៃអង្គារ ទី១២ កក្កដានេះ ក្រោមព្រះវត្តមានសម្តេចព្រះពោធិវង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១នៃកម្ពុជា និងជាព្រះចៅអធិការវត្តមុនីសុវណ្ណ ហៅចំពុះក្អែក រួមមាន៖ អង្ករ ទឹកត្រី ទឹកស៊ីវអៀវ ប្រេងឆា ស្ករសរ ទឹកសុទ្ធ មីកញ្ចប់ ត្រីខ ភេសជ្ជៈ និងទានចំណាំព្រះវស្សាជាដើម។

សម្រាប់វត្តអារាមទាំង ៩វត្តនោះរួមមាន៖ វត្តចំពុះក្អែក, វត្តព្រែកឬស្សី, វត្តក្រពើហា, វត្តតាខ្មៅ, វត្តវាំងចាស់, វត្តកោកកាក, វត្តបិទមាស, វត្តបឹងខ្ចាង និងវត្តព្រែកហូរ ខណៈថ្ងៃចូលវស្សាជិតចូលមកដល់ដែលតាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ គ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ។
សូមជម្រាបជូនថា ការប្រគេនទេយ្យទាន និងបច្ចយបួនដល់ព្រះសង្ឃនៅគ្រានេះមិនមែនជាលើកទីមួយនោះឡើយ ជានិច្ចកាលលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារតែងតែបង្ហាញវត្តមានប្រគេនព្រះសង្ឃជារៀលរាល់ឆ្នាំក្នុងនាមពុទ្ធសាសនូបត្ថម្ភន៍ក្នុងព្រះពុទ្ធសាសនា៕



