ឧកញ៉ា ខេមរៈ សិរីមន្ត និងភរិយារបស់លោក (លោកជំទាវ គួយ ផល្លី) ត្រូវបានលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា សម្រេចតែងតាំងជាសមាជិកគាំទ្រពេញសិទ្ធិនៃសមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីចូលរួមជួយការងារសង្គម ជួយដល់កុមារី និងយុវតីកម្ពុជា ឱ្យមានសមត្ថភាព សីលធម៌ និងគុណធម៌ ព្រមទាំងជួយអភិវឌ្ឍសង្គមជាតិ។

លោកឧកញ៉ា សិរីមន្ត អគ្គនាយកក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ ខេមរៈ សិរីមន្ត បានសរសេរថាលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃពុធនេះថា៖ “ជាមហាកិត្តិយសសម្រាប់ខ្ញុំ និងភរិយា ដែលបងស្រីអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានតែងតាំងយើងខ្ញុំជាសមាជិកគាំទ្រពេញសិទ្ធិ។ ជានិច្ចជាកាលបងស្រីអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា តែងតែខិតខំឱ្យអស់លទ្ធភាព ដើម្បីជួយដល់កុមារី និងយុវតី កម្ពុជាឱ្យមានសមត្ថភាព សីលធម៌ គុណធម៌ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ”។

គួររំឭកថា កាលពីថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២នេះ ឧកញ៉ា ខេមរៈ សិរីមន្ត ម្ចាស់គម្រោងដីឡូត៍ក្បែរក្រុងសៀមរាប បានចូលរួមអមដំណើរលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ចុះទៅព្យាបាល និងពិនិត្យសុខភាពមាត់ធ្មេញជូនដល់សមាជិកា នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប។ ក្នុងឱកាសនោះដែរ លោកឧកញ៉ា ក៏បានចូលរួមចំណែកមនុស្សធម៌ ដោយបរិច្ចាកថវិកាចំនួន ៥០០០ដុល្លារផងដែរ៕
