នៅថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានទិញគ្រឿងចក្រឈូសដីមួយគ្រឿងម៉ាក CAT ស៊េរីឆ្នាំ២០២២ ដែលមានតម្លៃជាង ២០ម៉ឺនដុល្លារ ដើម្បីយកទៅប្រើប្រាស់នៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ។

លោកឧកញ៉ាបណ្ឌិត បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា៖ “បានជាមកមើលទៅហើយ ទិញ១គ្រឿងយកទៅប្រើប្រាស់ នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ។ សាកល្បងលមើល ដោយសារតែអ្នកលក់អួតអាងថា នីវឺឡឺមាកខេត CAT ផលិតឆ្នាំ២០២២នេះ ស៊ីប្រេងតិចបំផុត យកទៅសាកល្បងមើលទៅ បើបងធំមិនពេញចិត្តទេ ១ឆ្នាំក្រោយដឹកយកមកអោយវិញ និងសងលុយជាងម្ភៃម៉ឺនដុល្លារជូនវិញគ្រប់ចំនួន ចាំតាមដានមើលជាក់ស្តែងសិនប្រេងកំពុងតែថ្លៃផង”។

សូមបញ្ជាក់ថា អ្នកឧកញ៉ា ម៉ុង ឫទ្ធី ជាសេដ្ឋីមួយរូបនៅកម្ពុជា ដែលលោកបានវិនិយោគច្រើនលើវិស័យកសិ-ឧស្សាហកម្ម។ កាលពីខែមិថុនា ឆ្នាំ២០២២ អ្នកឧកញ៉ា ក៏បានចុះពិនិត្យមើលសម្ភារៈឧបករណ៍គ្រឿងបំពាក់ ដែលបានដឹកមកដល់រោងចក្រ សម្រាប់តម្លើងខ្សែសង្វាក់ផលិតកម្ម គ្រោងផលិតផលិតចំណីសត្វឱ្យបាន៦០តោនក្នុងមួយម៉ោងផងដែរ៕


