អ្នកជំនាញ៖ ឱកាសបណ្តាក់ទុននៅក្នុងពេលនេះជារឿងល្អដែលអ្នកវិនិយោគគួរអភិវឌ្ឍ

ជុំវិញ​ឧកញ៉ា

«មកដល់ម៉ោងនេះ តម្លៃអចលនទ្រព្យចាប់ផ្ដើមមានសកម្មភាពងើបឡើងវិញបណ្ដើរៗ បន្ទាប់ពីបើកសង្គម-សេដ្ឋកិច្ចពេញលេញរបស់រដ្ឋាភិបាល ហើយសម្រាប់អ្នកវិនិយោគក៏ជាឱកាសល្អដែលត្រូវបណ្តាក់ទុន»។ នេះជាការថ្លែងប្រាប់សារព័ត៌មានឧកញ៉ាញូស៍របស់អ្នកជំនាញអចលនទ្រព្យ និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ឧកញ៉ា ផន វណ្ណិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ផន វណ្ណិត បានគូសបញ្ជាក់ពីវឌ្ឍនភាពអចលនទ្រព្យនៅប្រទេសកម្ពុជា ក្រោយរដ្ឋាភិបាលសម្រេចបើកប្រទេសឡើងវិញកាលពីចុងឆ្នាំ២០២១ រហូតមកដល់ពេលនះ ដោយលោកសង្កេតឃើញថា ការទិញលក់អចលនទ្រព្យចាប់ផ្តើមមានចរន្តឡើងវិញ ទាំងដីធ្លី ផ្ទះសម្បែង អាផាតមែន ខន់ដូរ គឺដំណើរការទិញ-លក់-ជួលដដែល តែគ្រាន់តែសកម្មភាពក្នុងវិស័យខ្លះបានបង្អង់បន្តិចប៉ុណ្ណោះ។

លោកថ្លែងថា៖ «ខ្ញុំបានដើរស្ទង់មើលវឌ្ឍនភាពចរន្តអចលនទ្រព្យនៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនឃើញមានសកម្មភាពទិញលក់បណ្តើរៗ។ ដោយឡែក ក្រុមវិនិយោគិនបរទេសតាមរយៈភ្នាក់ងារទិញលក់ក៏បានចាប់ផ្តើមរកដីតម្លៃធូរៗថ្លៃសម្រាប់បើករោងចក្រ សហគ្រាសរបស់ខ្លួន»។

«តែបើយើងនិយាយជាទូទៅ ពាក់ព័ន្ធទៅនឹងកំណើននៃវិស័យនេះសម្រាប់អ្នកមានលុយនៅពេលនេះ ពួកគេមិនខ្លាចទិញដីធ្លីទុកយកចំណេញនោះទេ ដោយសារតែសំអាងលើវឌ្ឍនភាពសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ស្របពេលរដ្ឋាភិបាលសម្រេចអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងសម្រេចចុះបញ្ជីគម្រោងវិនិយោគដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ច្រើនគម្រោងរួចមកហើយ»។ លោកឧកញ៉ាបន្ថែម។

លោកឧកញ៉ាថ្លែងបញ្ជាក់ថា៖ «តាំងពីដើមមក ខ្ញុំតែងតែជំរុញលើកទឹកចិត្តឱ្យបងប្អូនគួរទិញដីទុក ប្រសិនបើមានលទ្ធភាព ព្រោះដីមិនបានឱ្យយើងក្រនោះទេ ផ្ទុយទៅវិញ វាជាមរតកដែលយើងត្រូវមាននាពេលអនាគត។ ហេតុអ្វីខ្ញុំនិយាយអ៊ីចឹង…! ដោយសារមនុស្សចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយការអភិវឌ្ឍទៀតសោត កំពុងរីកដុះដាលលូតលាស់ឆ្ពោះទៅឈរដំណែងជាកូនខ្លាសេដ្ឋកិច្ចនៅអាស៊ីរបស់កម្ពុជា»

ទន្ទឹមនឹងនោះលោកឧកញ៉ា ក៏បានសម្តែងអបអរសាទរជាមួយរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានចូលជាធរមានក្នុងថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នឹងត្រូវចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនជាមធ្យមប្រមាណ ៧% ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។ ទោះបីជា សេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមានក្នុងអត្រា -៣,១% ក្នុងឆ្នាំ២០២០ ដោយសារវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ក៏កំណើននេះបានកើនឡើងវិញប្រមាណ ៣% នៅឆ្នាំ២០២១ និងត្រូវបានគេព្យាករថានឹងមានកំណើនប្រមាណ ៥,៦% នៅឆ្នាំ២០២២៕

អត្ថបទ៖ កូនខ្លាគហបតី